ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងកែច្នៃស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅនិងបន្តឆេះរាលដាលទៅលើបន្ទប់ជួល២បន្ទប់ទៀតនៅក្បែរគ្នា រួមទាំងសម្ភារៈក្នុងនោះមួយចំនួនធំ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង៩:៥០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឮស្នូរសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំងចេញពីឃ្លាំងកែច្នៃស្នោខាងលើ រួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបន្តឆេះរាលដាលទៅលើផ្ទះជួលក្បែរនោះ២បន្ទប់ទៀត។ ភ្លាមៗនោះដែរពួកគាត់និងកម្មករជាច្រើនបាននាំគ្នាទាញទុយយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ជាបណ្ដោះអាសន្ន រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។
ក្រោយកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបាននូវដំណឹងខាងលើក៏បញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។
បន្ទាប់ពីកម្លាំងជំនាញទៅដល់ធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យខាងលើចប់ឃើញថាប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល។ ចំពោះករណីអគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ពោលគឺខូចខាតតែឃ្លាំងនិងសម្ភារៈមួយចំនួនធំនិងរាលដាលទៅលើផ្ទះ២បន្ទប់រួមជាមួយសម្ភារៈមួយចនួន។ ដោយឡែកមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបន្ត៕
ដោយ ៖ ភារ៉ា ដង្កោ










