ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ
កំពង់ស្ពឺ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ដសហការទទួលករណីជនជាតិចិនប្រតាយប្រតប់គ្នានៅលេីរថយន្តនៅច្រកចេញផ្លូវល្បឿនលឿនកំពង់ស្ពឺកេីត កាលពីយប់ថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៦ វេលាម៉ោង២៣និង២៨នាទីនៅមុខបញ្ជរបង់ប្រាក់កំពង់ស្ពឺកេីត ក្នុងភូមិរំលោង ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយបានកិច្ចសហការពីនគរបាលចរាចរណ៍ដែលប្រចាំការនៅផ្លូវល្បឿនលឿន រថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 2BY-8075 អាចមានអ្នកជិះ៣ទៅ៤នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងនោះមានជនជាតិខ្មែរជាអ្នកបេីករថយន្ត និងជនជាតិចិនជាអ្នកជិះបាននាំគ្នារត់ចុះពីលេីរថយន្ដ ដោយមិនដឹងមូលហេតុអ្វីឱ្យប្រាកដ។
តាមការពិនិត្យកាមេរ៉ាសុវត្ថិភាពមុនពេលកេីតហេតុ រថយន្តនេះបានបើកចេញពីខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿនវេលាម៉ោង២២និង១៥នាទី មកដល់បញ្ជរបង់ប្រាក់កំពង់ស្ពឺកេីត វេលាម៉ោង២៣និង២៣នាទី ។ ពេលកំពុងបង់ប្រាក់ស្រាប់តែមានសកម្មភាព វាយប្រតាយប្រតប់គ្នាពេញក្នុងរថយន្ត រួចអ្នកបើករថយន្តបានបើកបុកបារាសចេញមកឈប់នៅខាងក្រៅ ក៏មានជនជាតិចិនម្នាក់លោតចេញពីក្នុងរថយន្តរត់ទៅទិសខាងកេីតបាត់ ហេីយមានមនុស្សប្រុស៣នាក់ទៀតរត់ដេញតាមរកមួយសន្ទុះក្រោយមក មនុស្សទាំង០៣នាក់នោះបានឡេីងជិះរថយន្ត TOYOTA ALPHART ពណ៌ខ្មៅ០១ គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2CC-8785 ទៅទិសខាងកេីតតាមផ្លូវជាតិលេខ៤ បាត់ទៅ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានយករថយន្ត TOYOTA ALPHARD ពណ៌ស ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2BY-8075 ទៅរក្សាទុកដើម្បីស្រាវជ្រាវបន្ដ ៕
ដោយ៖ សុរិយា










