ភ្នំពេញ ៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តរដ្ឋសភាកម្ពុជា-គុយបា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងពិធីបើក “ពិព័រណ៍រូបថតអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-គុយបា” នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន។
ព្រឹត្តិការណ៍នេះរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន ដឹកនាំដោយ លោក នេត្រ ភក្ត្រា និងស្ថានទូតគុយបាប្រចាំកម្ពុជា ដឹកនាំដោយ លោកស្រី Milena Caridad Zaldívar Piedra។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។
អញ្ជើញចូលរួមក្នុងពិធីនេះ ក៏មានវត្តមាន លោក ច័ន្ទ សុផល លោក ដុំ យុហៀន លោល ឡុង ប៊ុន្នី លោក ខឹម ច័ន្ទគីរី លោក លី ស៊ុគ្រី និងឯកឧត្តម ម៉ូត យូសុះ ដែលជាអនុប្រធាន និងសមាជិកក្រុមមិត្តរដ្ឋសភាកម្ពុជា-គុយបា ព្រមទាំងអង្គទូត និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងអង្គភាពផ្សេងៗជាច្រើនរូបទៀត។
ពិព័រណ៍រូបថតនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំ ដែលត្រូវបានថែរក្សា និងពង្រឹងឥតឈប់ឈរតាំងពីការចាប់ផ្ដើមនៃនៃទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន៕
ដោយ ៖ សិលា















