លួចបានម៉ូតូជិះចៃដន្យបែកកង់ យកឲ្យជាងប៉ះ រួចលួចទូរស័ព្ទរបស់ជាងដោយបោះបង់ចោលម៉ូតូ, ប៉ូលិសចាប់បានទើបដឹងថាធ្លាប់ជាប់ពន្ធនាគារពីរលើករួចមកហើយ 

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសានេះថាជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារ២លើកពីបទលួច ចេញមកវិញលួចម៉ូតូអ្នកភូមិយកទៅជិះ ចៃដន្យម៉ូតូបែកកង់ហើយយកឱ្យជាងប៉ះក៏ឆ្លៀតលួចទូរស័ព្ទរបស់ជាង រួចរត់គេចដោយបោះបង់ចោលម៉ូតូក៏ត្រូវប៉ូលិសឃាត់ខ្លួនបាន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ។

 

សមត្ថកិច្ចមូលដ្ធានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានចំនួន០២នាក់÷ទី១-ឈ្មោះសួង ធីតា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី បាត់បង់ម៉ូតូ០១គ្រឿងម៉ាក Honda C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-3783 មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅនិងទី២-ឈ្មោះតាំង សំអុល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងប៉ះកង់ បាត់បង់ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO A5 មានទីលំនៅក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ។

 

ចំណែកជនសង្ស័យឈ្មោះ ស្រ៊ុន សុខហេង ភេទប្រុស  អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក ពីបទលួច និងមានទីលំនៅក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 

សមត្ថកិច្ចបានដកហូតវត្ថុតាង -ម៉ូតូ០១គ្រឿង(ជារបស់ជនរងគ្រោះ)  -ទូរស័ព្ទ០១គ្រឿង(ជារបស់ជនរងគ្រោះ)យកបានមកវិញ។

 

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រោយពីលោកពូឈ្មោះ សួង ធិតា ខ្ចីម៉ូតូរបស់ក្មួយស្រីជិះ ហើយបានយកមកឲ្យក្មួយស្រីវិញទុកនៅមុខផ្ទះ ហើយបានយកសោម៉ូតូទៅព្យួរនៅនឹងខ្សែអង្រឹង រួចលោកពូក៏សម្រានលង់លក់ ស្រាប់តែជនសង្ស័យបានឃើញឱកាសល្អក៏បានលួចយកសោចាក់ម៉ូតូជិះចេញទៅបាត់។ រហូតដល់ម៉ោង១៩និង២០នាទីថ្ងៃ ដដែល ម៉ូតូដែលជនសង្ស័យលួចយកទៅជិះនោះបានដោះស្លាកលេខចេញហើយម៉ូតូបានបែកកង់តាមផ្លូវក៏យកឲ្យជាងប៉ះ (ជាងប៉ះកង់ជាជនរងគ្រោះទី០២)  តែដោយមេឃងងឹត ជនរងគ្រោះជាជាងប៉ះកង់បានយកទូរស័ព្ទដៃម៉ាក OPPO A5 មកបើកពិលបំភ្លឺទុកនៅលើគ្រែ រួចដើរទៅក្នុងផ្ទះ យកឧបករណ៍សម្រាប់ប៉ះកង់ម៉ូតូឥ្យជនសង្ស័យ ។ ស្រាប់តែជនសង្ស័យបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះ រួចគេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូដែលលួចបាននៅកន្លែងជាងប៉ះកង់។ ឃើញហេតុការណ៍មិនល្អ ជនរងគ្រោះជាជាងប៉ះកង់ក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍សិត្បូឲ្យចុះមកដល់កន្លែងកើតហេតុតែម្តង។

 

លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍សិត្បូក៏ធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជនសង្ស័យយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនិងទូរស័ព្ទដៃរបស់ជនរងគ្រោះពិត ប្រាកដមែន។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print