ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងគម្រោងកែលម្អសួនសិល្បៈក្រុងបាត់ដំបងដែលជាសួនមួយប្រមូលផ្ដុំទៅដោយរូបសំណាកអតីតសិល្បករ និងកវីនិពន្ធជំនាន់ដើមដែលមានដើមកំណើតនៅខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ គោលបំណងសំខាន់នៃការ បង្កើតសួនសិល្បៈ គឺដើម្បីលើក ស្ទួយសិល្បៈវប្បធម៌របស់ខេត្ត និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។ រូបសំណាកអតីតសិល្បករ សិល្បការិនី កវីនិពន្ធ អ្នកចម្រៀងជំនាន់ដើម ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានដើមកំណើតនៅខេត្តបាត់ ដំបងត្រូវបានដាក់តាំងបង្ហាញនៅក្នុងបរិវេណសួនសិល្បៈនេះ ក្នុងនោះក៏រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មួយដែរបើទោះបីជាលោកមិនមានដើមកំណើតនៅខេត្តបាត់ដំបងក្តី ប៉ុន្តែលោក បានច្រៀងបទចម្រៀងពីខេត្តបាត់ដំបងជាច្រើន ដែលបានរួមចំណែកបង្កើតភាពល្បីល្បាញរបស់ខេត្តបាត់ដំបង ។
លោក សុខ លូ បានអញ្ជើញជួបសាកសួរសុខទុក្ខជាមួយសាច់ញាតិសិល្បករ និងកវីនិពន្ធជំនាន់ដើមដែលមានរូបសំណាកត្រូវតាំងបង្ហាញក្នុងសួនសិល្បៈ។ តាមរយៈជំនួបជាបន្តបន្ទាប់សាច់ញាតិសិល្បករ និងកវីនិពន្ធ បានថ្លែងអំណរគុណដល់ លោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់លើកតម្កើងកេរ្តិ៍ឈ្មោះ និងដឹងគុណចំពោះសិល្បករជំនាន់ដើមតាមរយៈការរៀបចំសួនសិល្បៈ និងការសាងសង់រូបសំណាក សិល្បករ សិល្បការិនី ជំនាន់ដើម ដែលមានដើម កំណើតចេញពីខេត្តបាត់ដំបង។
សូមបញ្ជាក់ថា សួនសិល្បៈក្រុងបាត់ដំបងសាងសង់បានប្រមាណជាង៨០%ហើយក្រុមការងារនឹងបន្តធ្វើការកែលម្អ និងសាងសង់បន្ថែម ទៀត។ នៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរដ្ឋបាលខេត្តនឹងអញ្ជើញសាច់ញាតិក្រុមគ្រួសារនៃកវីនិពន្ធ និងតារាចម្រៀងមកចូលរួមផងដែរ។
បាត់ដំបងគឺជាខេត្តដ៏ចំណាស់ប្រមូលផ្ដុំទៅដោយសិល្បៈវប្បធម៌ដ៏សំបូរបែប ដូច្នេះដើម្បីចូលរួមលើកកម្ពស់ដល់កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តឱ្យកាន់តែ ច្រើនឡើង រដ្ឋបាលខេត្តបាត់ដំបងក្រោមគំនិតផ្តួចផ្តើមពីលោក សុខ លូ អភិបាលខេត្ត បាន រៀបចំស្ថាបនាសួនសិល្បៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងលិច រ៉បតាមបណ្ដោយផ្លូវលេខ១ ចាប់ពីគល់ស្ពានថ្មសម្តេចក្រឡាហោម ស ខេង ដល់ស្ពានសោហឺ ឬស្ពានថ្មថ្មី នៃក្រុងបាត់ដំបង។ ការអភិវឌ្ឍសួនសិល្បៈនេះ នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាព ក៏ដូចជាភាពទាក់ទាញ ជាមួយនឹងបរិបទនៃដងស្ទឹងសង្កែ ដែលជាដងស្ទឹងមានកេរិ៍្តឈ្មោះបោះសំឡេងល្បីល្បាញនៅក្នុងទឹកដីនៃខេត្តបាត់ដំបង ៕
ដោយ៖ សំរិត










