ខេត្តកណ្តាល៖ នៅវេលាម៉ោង០១:២០នាទី រំលងអធ្រាត្រថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបុរសម្នាក់បើករថយន្តបុករង្វង់មូលលោកតាខ្មៅ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក TOYOTA LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2B-1808 បើកបរដោយបុគ្គលមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីទិសជើងទៅត្បូង (ភ្នំពេញ មកតាខ្មៅ)។ លុះពេលមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតបុកចូលរង្វង់មូលលោកតាខ្មៅ បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈ។
បន្ទាប់ពីកើតហេតុ រថយន្តមិនបានឈប់នៅទីតាំងនោះទេ ប៉ុន្តែបានបន្តបើករត់រហូតដល់ចំណុចច្រកចូល K11 ទើបត្រូវបានកម្លាំងអន្តរាគមន៍ល្បាតពេលយប់ ធ្វើការឃាត់បានជាបន្ទាន់។
ហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ប៉ុន្តែបានបង្កឲ្យរថយន្តខូចខាតធ្ងន់មួយគ្រឿង ខណៈសម្ភារនៅលើរង្វង់មូលរងការខូចខាត រួមមានបាក់បង់អង្គុយលេងចំនួន១ និងជើងពានថ្មចំនួន១ ផងដែរ។
បច្ចុប្បន្ន រថយន្តខាងលើត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ តាមការសន្និដ្ឋានបឋម សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកបរបើកបរល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ ជ្រោយពេជ្រ










