ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (Kunming University of Science and Technology) និងក្រុមហ៊ុន Zhipo Qingyan Technology នៃប្រទេសចិន ដឹកនាំដោយ លោក Zhang Huan ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានស្រាវជ្រាវអំពីដែនអាកាស អាវកាស និងផ្ទៃដីសម្រាប់បរិស្ថានឆ្លាតវៃ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឃុនមីង និងជានាយកតំបន់និរតីនៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិត ជឺភូឈីងយៀន (Zhipu Qingyuan Generative AI Platform) និងមានការចូលរួមពី លោក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាក់ព័ន្ធ។
នាឱកាសនេះ លោក Zhang Huan បានបង្ហាញសេចក្តីរីករាយដែលបានជួបពិភាក្សាការងារ និងបានលើកឡើងពីគោលបំណងក្នុងការពិនិត្យមើលលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យកម្ពុជាលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងសេដ្ឋកិច្ចរយៈកម្ពស់ទាប (low-altitude economy)។ ជាមួយគ្នានេះ លោក Zhang Huan បានលើកឡើងពីសាវតារ និងបេសកកម្មរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត AI និងដ្រូន ក៏ដូចជា ចក្ខុវិស័យក្នុងការបង្កើតកម្មវិធីរួមគ្នា ចិន-កម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ តាមរយៈការដាក់បញ្ចូលកម្មវិធីសិក្សាអំពីការប្រើប្រាស់ AI, ប្រតិបត្តិការដ្រូន និងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសកម្ពស់ទាប ដែលរួមបញ្ចូលគ្នារវាងការសិក្សាផ្នែកបណ្ឌិត្យសភា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយជឿជាក់ថា កិច្ចសហការនេះនឹងជួយពង្រឹងសមត្ថភាពបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត AI និងសមត្ថភាពប្រើប្រាស់ដ្រូននៅកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានមកទស្សនកិច្ចនៅកម្ពុជា និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ដោយលើកឡើងថា វិស័យបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចរយៈកម្ពស់ទាប គឺជាវិស័យអាទិភាពថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ សូមណែនាំឱ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាក់ព័ន្ធ បន្តពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឃុនមីងលើកិច្ចការងារនេះបន្ថែមទៀតដោយគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នកម្ពុជា និងចិន ក្នុងវិស័យបច្ចេកវិទ្យានេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពដល់យុវជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយរឹតចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕
ប្រភព ៖ (CCFR)











