ខេត្តតាកែវ÷ ជនសង្ស័យម្នាក់ដែលមានផ្ទុកសារធាតុញៀន និងជាមុខសញ្ញាលួចម៉ូតូកង់បីរបស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះរួចជិះគេចខ្លួនរហូតដល់ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង ១៦ និង៣០នាទី ថ្ងៃទី ២៣ មេសា ២០២៦ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីម៉ោង ៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី២២ មេសា ២០២៦ នៅចំណុចក្រោមសំយាបផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិទួលកន្ទួត ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភី ចាន់ទី ភេទ ប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូកង់បីឈ្មោះ ហ៊ាល នីម ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរអ្នករត់កង់បី រស់នៅភូមិកើតហេតុខាងលើ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូកង់បីពណ៌សស៊េរីឆ្នាំ២០២៣ ទំហំ២០០សេសេ ពាក់ផ្លាកលេខ ភ្នំពេញ 1KN 9039 ចំនួន១គ្រឿង និងទូរស័ព្ទដៃម៉ាកអាយហ្វូន១គ្រឿង។
លោកអធិការបានបន្តថា កាលពីយប់ថ្ងៃទី២១ មេសា ២០២៦ ជនរងគ្រោះបានជិះម៉ូតូកង់បីមកចតទុកក្រោមសំយាបផ្ទះដូចសព្វមួយដង។ លុះម៉ោង ១ និង០០នាទីរំលងអធ្រាត្រ ជនរងគ្រោះងើបមកមើលឃើញម៉ូតូនៅធម្មតា តែដល់ម៉ោង ៤ និង០០នាទីទៀបភ្លឺ ពេលក្រោកមកម្ដងទៀតស្រាប់តែបាត់ម៉ូតូកង់បីតែម្ដង ទើបរាយ ការណ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ក)។
លោកអធិការបានបញ្ជាក់ទៀតថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចជំនាញស្រុកកោះធំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ក) បានចុះស្រាវ ជ្រាវរហូតតាមឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងនៅឯខេត្តតាកែវ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូកង់បីរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










