ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានពិភាក្សា ឆ្លង និងអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា ខណៈដែលច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយ ក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។
ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជា របស់រាជរដ្ឋាភិបាលទាន់ពេលេវា និងមានប្រសិទ្ធភាព៕
ប្រភព ៖ (CCFR)












