ចិនជិះរថយន្តទំនើបមកលួចស្លាកលេខរថយន្តក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួនរួមទាំងថ្នាំញៀននិងគ្រាប់កាំភ្លើង

ចែករំលែក៖

ខេត្តកណ្តាល÷ ក្រុមជនសង្ស័យជាជនជាតិចិនដែលបានបើករថយន្តទំនើបចូលទៅធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋដល់ក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន រួមទាំងដកហូតបានស្លាកលេខរថយន្ត, គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីម៉ោង ២០ និង០០នាទី ថ្ងៃទី២៣ មេសា ២០២៦ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីវេលាម៉ោង ១ និង៣០នាទីទៀបភ្លឺ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

 

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន៖ ទី១ ឈ្មោះ TONG TENG TENG (ប្រុស, អាយុ៣០ឆ្នាំ) ជនជាតិចិន និងទី២ ឈ្មោះ WU ZHONG LIANG (ប្រុស, អាយុ៣១ ឆ្នាំ) ជនជាតិចិន ដែលអ្នកទាំងពីរមានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា ចំណែកបក្ខពួក២នាក់ទៀត ឈ្មោះ YA ZI (ប្រុស, អាយុ៣០ឆ្នាំ) និងឈ្មោះ NAI CHA (ប្រុស, អាយុ៣២ឆ្នាំ) បានរត់គេចខ្លួន។ ចំណែកជនរងគ្រោះទាំង ៤ នាក់រួមមានទី១ ឈ្មោះ គាង ហុង (ប្រុស, អាយុ៥៩ឆ្នាំ) ជាគ្រូពេទ្យ ទី២ ឈ្មោះ យ៉ែន ស្រីរដ្ឋ (ស្រី, អាយុ៣២ឆ្នាំ) ជាគ្រូពេទ្យ ទី៣ ឈ្មោះ សឹម ចន្រ្ទារស្មី (ស្រី, អាយុ៣០ឆ្នាំ) ជាគ្រូពេទ្យ និងទី៤ ឈ្មោះ ភឿក យ៉េង (ប្រុស, អាយុ៣២ឆ្នាំ) ជាកសិករ។

 

លោកអធិការបានបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានរថយន្ត១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG-7329 ស្លាកលេខរថយន្តចំនួន១០សន្លឹក (ក្នុងនោះមានស្លាកលេខ ភ្នំពេញ 2AT-4406 ស្លាកលេខ ភ្នំពេញ 2BM-2341 ស្លាកលេខ ភ្នំពេញ 2BX-0236 ស្លាកលេខ ភ្នំពេញ 2CD-6486 និងស្លាកលេខ ភ្នំពេញ 2BT-5247) ទូរស័ព្ទដៃ២គ្រឿង ខ្នោះដៃ៤ គ្រាប់កាំភ្លើងខ្លី១២គ្រាប់ ដំបងឈើ១ដើម បង់រុំខ្នាតធំ២ដុំ ម្សៅក្រាមសថ្លាលាយក្រហម១កញ្ចប់តូចដែលសង្ស័យជាគ្រឿងញៀន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

 

លោកអធិការបានបញ្ជាក់ថា យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព កាលពីម៉ោង ១ និង៣០នាទីទៀបភ្លឺ ក្រុមជនសង្ស័យមានគ្នា៣នាក់បានបើករថយន្តម៉ាក FORD RANGER ចូលទៅក្នុងបរិវេណមន្ទីរពេទ្យ រួចនាំគ្នាធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត៤គ្រឿងដែលចតទុកនៅទីនោះ។ បន្ទាប់មកក៏បើករថយន្តគេចខ្លួនឆ្ពោះទៅទិសខាងត្បូងនៃក្រុងសំពៅពូន។ លុះព្រឹកឡើង ជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។

 

លោកអធិការបានឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាលស្រុកកោះធំបានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងនគរបាលក្រុងសំពៅពូន ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ TONG TENG TENG និងបក្ខពួករួមទាំងដកហូតវត្ថុតាងខាងលើតែម្ដង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print