ក្រសួងធនធានទឹក ប្រជាកសិករ ខេត្ដបន្ទាយមានជ័យ អាចធ្វើស្រែបាន២រដូវបានដោយស្រួលចាប់ឆ្នាំ២០២៦នេះតទៅ 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ុល សារ៉េន អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានបញ្ជាក់ថា៖ ប្រជាកសិករ ខេត្ដបន្ទាយមានជ័យ អាចធ្វើស្រែបាន២រដូវ ក្នុង១ឆ្នាំ បានដោយស្រួលចាប់ពីឆ្នាំ២០២៦នេះតទៅ ដោយ សារក្រសួងធនធានទឹក និងខិតខំបន្ដស្ដាប្រឡាយមេធំៗចំនួន៣ បន្ថែមទៀត ពិសេសគ្រប់ប្រឡាយមេទាំងអស់ត្រូវតែមានទឹកគ្រប់គ្រាន់ ។

លោក ប៉ុល សារ៉េន បានបញ្ជាក់ បែបនេះ ក្នុងឱកាសបលោកចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារជួសជុល និងថែទាំជាប្រចាំលើប្រព័ន្ធធារាសាស្ត្រសំខាន់ៗចំនួន៣ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ។

សកម្មភាពចុះត្រួតពិនិត្យនេះ មានការចូលរួមពីក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសហគមន៍កសិករប្រើប្រាស់ទឹក  ក្នុងគោលបំណង លើកកំពស់គុណភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានានៅចំពោះមុខ។

ការចុះពិនិត្យប្រព័ន្ធធារាសាស្ត្រយុទ្ធសាស្ត្រទាំង៣ រួមមាន៖ ប្រព័ន្ធធារាសាស្ត្រអាងទឹកម្កាក់ស្ថិត ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលជាអាងទឹកដ៏សំខាន់សម្រាប់ទ្រទ្រង់ការបង្កបង្កើនផលនៅតំបន់ជុំវិញក្រុង។ ប្រព័ន្ធធារាសាស្ត្រប្រឡាយឯកភាព ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលជាសរសៃឈាមសេដ្ឋកិច្ចកសិកម្មដ៏សំខាន់ក្នុងតំបន់។ ប្រព័ន្ធធារាសាស្ត្រប្រឡាយខ្ទុំជ្រុំ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ដែលកំពុងត្រូវបានយកចិត្តទុកដាក់លើការថែទាំដើម្បីបង្កើនលំហូរទឹក។

ក្រៅពីប្រព័ន្ធទាំង៣ ខាងលើ ក្រុមការងារ ក៏បានបន្តចុះទៅពិនិត្យស្ថានភាព ប្រព័ន្ធធារាសាស្ត្រប្រឡាយព្រៃខ្ពស់ ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបូរីផងដែរ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង និងធានាថាប្រឡាយនេះមានលទ្ធភាពនាំទឹកទៅដល់ស្រែចំការរបស់ពលរដ្ឋធ្វើស្រែបាន២រដូវបានពេញលេញ។ ការចុះពិនិត្យ និងថែទាំជាប្រចាំនេះ គឺជាយន្ត ការដ៏សំខាន់ក្នុងការថែរក្សានិរន្តរភាពនៃសំណង់ធារាសាស្ត្រ ឱ្យមានគុណភាពជាប់បានយូរ និងអាចបម្រើផលប្រយោជន៍ដល់កសិករបានគ្រប់រដូវកាល”។ នេះជាការបញ្ជាក់ពីគោល បំណងនៃបេសកកម្មនេះ។

...

សកម្មភាពចុះជិតដិតដល់មូលដ្ឋាននេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាកសិករ។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ មិនត្រឹមតែជួយបង្កើនទិន្នផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំតាមរយៈវិស័យកសិកម្មទំនើប ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print