រយៈពេល ៣ខែឆ្នាំ២០២៦នេះ! ការនាំចេញម្រេចរបស់កម្ពុជា រកចំណូលបានជាង ៩លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជារកប្រាក់ចំណូលបានជាង ៩ លានដុល្លារ ពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៣ ខែ (មករា-មីនា) ២០២៦ កើនឡើង ៨៥,៧៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។ ខណៈទីផ្សារម្រេចរបស់កម្ពុជា មានដូចជាប្រទេសវៀតណាម អាល្លឺម៉ង់ បារាំងជាដើម។

 

កញ្ញា ពេជ្រ ចន្ទធឿន ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦០០០ រៀល ($6.50) ក្នុងមួយគីឡូ។

 

ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) លោក ម៉ាក់ នី បានមានប្រសាសន៍ថា តម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦០០០ រៀល ក្នុងមួយគីឡូ ពោលគឺមានភាពល្អប្រសើរដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។

ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាមានប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។

 

គួរបញ្ជាក់ថា យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារ ពីការនាំចេញម្រេច ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤។

...

 

សូមជម្រាបជូនថា ម្រេចរបស់កម្ពុជា មានភាពល្បីល្បាញ ដោយសារការដាំដុះធម្មជាតិ និងដីមានជីជាតិ ម្រេចកម្ពុជា ៨១% ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម គឺខេត្តរតនគិរី ១៥% ខេត្តមណ្ឌលគិរី ២១% និងខេត្តត្បូងឃ្មុំ ៤៥%៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print