ភ្នំពេញ ៖ អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២៦)
Congratulations on the 27th anniversary of Cambodia’s accession to ASEAN
ក្នុងឱកាសនេះ ខ្ញុំសូមចែករំលែកនូវការឆ្លុះបញ្ចាំងមួយចំនួនចេញពីតថភាពប្រវត្តិសាស្ត្រ និងដំណើរការដ៏វែងឆ្ងាយរបស់កម្ពុជា។
បន្ទាប់ពីការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ កម្ពុជា បានចូលជាសមាជិកទី១០ នៃអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
ខ្ញុំសូមរំឭកនូវប្រសាសន៍របស់ សម្តេចតេជោ ដែលជាអ្នកគូសវាសទិសដៅនៃវត្តមានកម្ពុជា ក្នុងអាស៊ានថា “ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់កម្ពុជា”។ នាពេលនោះ បរិបទនយោបាយអន្តរជាតិពិតជាស្មុគស្មាញ។ ការសម្រេចចិត្តចូលរួមជាសមាជិកអាស៊ាន ផ្អែកលើមូលហេតុសំខាន់ ៤ គឺ៖
១-គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក,
២-ស្មារតីសហគមន៍ ជាការធ្វើការដោយ គោរព គោលការណ៍ កុងសង់ស៊ី ស,
៣-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈសមាហរណកម្មតំបន់
៤-ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា។
យើងក៏មិនភ្លេចអំពីការចូលរួមចំណែកយ៉ាងសំខាន់របស់អាស៊ាននៅក្នុងការកសាងសន្តិភាពរបស់កម្ពុជា ទាំងមុនពេលកម្ពុជាចូលជាសមាជិកអាស៊ាន។ កម្ពុជា បានចាកចេញពីភាពឯកោ និងផ្សារភ្ជាប់ជាមួយអាស៊ាន ឈានទៅរកការទទួលស្គាល់ស្មើមុខ ស្មើសិទ្ធិ និងការគោរពពេញលេញលើឯករាជ្យ អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងកិត្យានុភាព ក្នុងនាមជាប្រជាជាតិមួយនៅក្នុងតំបន់។
២៧ ឆ្នាំកន្លងមកនេះ កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម និងមោះមុត ដោយបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ លើក (២០០២, ២០១២ និង ២០២២), និងព្រឹត្តិការណ៍កំពូលពាក់ព័ន្ធជាច្រើនទៀត រួមទាំងការគាំទ្រដល់សមាជិកភាពរបស់ប្រទេសទីម័រឡេស្តេ។ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាន គឺជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងវិស័យមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈកម្ពុជា ក៏កំពុងបំពេញតួនាទីជាប្រធានប្តូរវេន ក្នុងការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ (23rd ACCSM and 8th ACCSM+3) សម្រាប់អាណត្តិឆ្នាំ២០២៤–២០២៦។
បច្ចុប្បន្ន ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងប្រែប្រួល មិនប្រាកដប្រជា ការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន គឺរឹតតែចាំបាច់មិនអាចខ្វះបាន សម្រាប់ការធានានូវសន្តិភាព ស្ថិរភាព និងវិបុលភាពទាំងនៅក្នុង និងក្រៅតំបន់។ ត្រង់ចំណុចនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះតួនាទីដ៏សំខាន់របស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន នៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចឱ្យបាននូវបទឈប់បាញ់ និងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមក។
អាស៊ាន គឺជាស្នូលសំខាន់មួយនៃគោលនយោបាយការបរទេសរបស់កម្ពុជា និងសម្រាប់ប្រជាជនកម្ពុជា ដូចនឹងប្រសាសន៍របស់ សម្តេចតេជោ ដែលបានថ្លែងថា អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និងការចងចាំរបស់ សម្តេចតេជោ ជានិច្ច។ កម្ពុជា បាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសកម្ម និងដោយស្ថាបនា ក្នុងដំណើរជំរុញការកសាងសហគមន៍អាស៊ានមួយដែលពោរពេញដោយឱកាស និងសមាហរណកម្មពេញលេញ ផ្តោតលើប្រជាជន និងដើម្បីប្រជាជន ៕
ដោយ ៖ សិលា
















