ភ្នំពេញ ៖នេះបើយោងតាមរបាយការណ៍ ស្តីពី ស្ថានភាពសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦ ដែលចេញផ្សាយដោយក្រសួងព័ត៌មាន។
នៅក្នុងសន្និសីទសាព័ត៌មានកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា របាយការណ៍ស្តីពីសា្ថនភាពនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ជារបាយការណ៍ដែលត្រូវបានរៀបចំឡើងដោយខ្លួនឯងផ្ទាល់ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយផ្អែកលើទិន្នន័យដែលក្រសួងព័ត៌មានគ្រប់គ្រង និងការវាស់វែងពីស្ថានភាពរបស់អ្នកសារព័ត៌មានដែលប្រតិបត្តិការជាក់ស្តែងនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ។
លោក បានបន្តថា របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យព័ត៌មាន ស្របពេលដែលកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល និងខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។
លោក បានបញ្ជាក់ថា ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍ដ៏សំខាន់នេះឡើង ក្នុងគោលបំណងផ្តល់ព័ត៌មានស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដើម្បីផ្តល់ជាមូលដ្ឋានស្នូលសម្រាប់ការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន។
សូមជម្រាបថា ផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការសិក្សាស្រាវជ្រាវបានកត់ត្រាទុកថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ មានមនុស្សចំនួន ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលក្នុងនោះ ៩៣% បានវាយតម្លៃថា ការយកវិជ្ជាជីវៈសារព័ត៌មានទៅកំហែងទារប្រាក់ ឬគំរាមកំហែងនរណាម្នាក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាទង្វើដែលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន, ៩៧,៥% បានឆ្លើយថាការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះ ៧៨,៩% ឆ្លើយថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈមាន«សារៈសំខាន់ខ្លាំងណាស់»៕
ប្រភព ៖ (CCFR)















