អាមេរិកត្រូវតែសងលុយអោយ WHO ឱ្យដាច់ស្រេច ទើបអាចដកខ្លួនចេញជាផ្លូវការបាន

ចែករំលែក៖

មកទល់ពេលនេះអាមេរិក បានជំពាក់បំណុល អង្គការសុខភាពពិភពលោកប្រមាណ ២៦០ លានដុល្លារ ហើយអាមេរិកត្រូវបំពេញ​កាត្វកិច្ច​មុនពេលចាកចេញជាផ្លូវការ។

សារព័ត៌មាន AFP ប្រមុខអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថា សហរដ្ឋអាមេរិក នៅតែពុំទាន់បង់ថ្លៃសមាជិកភាព ដែលនៅជំពាក់ WHO នៅឡើយទេ ខណៈទីក្រុងវ៉ាស៉ីនតោន ចាំបាច់ត្រូវទូទាត់ថវិកាឱ្យដាច់ស្រេច ទើបអាចដកខ្លួនចេញជាផ្លូវការបាន។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO ដែលជាទីភ្នាក់ងារសុខាភិបាលរបស់ UN បានលើកឡើងថា រូបលោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងយល់ព្រមទូទាត់ថវិកាដែលខ្លួននៅជំពាក់ ខណៈវាគឺជាលក្ខខណ្ឌសម្រាប់ការចាកចេញពីអង្គការនេះ។ យ៉ាងណាមិញ លោក Tedros បាននិយាយថា បើតាមត្រង់ទៅ គឺវាមិនសំខាន់អំពីរឿងលុយនោះទេ។
លោក Tedros បានបកស្រាយថា បញ្ហាសំខាន់នោះគឺ សន្តិសុខសុខាភិបាល ត្រូវការការចូលរួមជាសកល ហើយសហរដ្ឋអាមេរិក តាមរយៈការដកខ្លួនចេញពី WHO ធ្វើឱ្យខ្លួនឯងគ្មានសុវត្ថិភាព ហើយក៏ធ្វើឱ្យពិភពលោកទាំងមូល បាត់បង់សុវត្ថិភាពដូចគ្នា។ ដូច្នេះហើយការផ្តោតសំខាន់ គឺលោកចង់ជួយឱ្យអាមេរិកយល់អំពីចំណុចនេះ ហើយពិចារណាឡើងវិញ។ លោក Tedros បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពជាសកល គឺជាជម្រើសដ៏ល្អបំផុត។
យោងតាមធម្មនុញ្ញរបស់ WHO គឺមិនមានចែងច្បាស់លាស់អំពីការដកខ្លួនរបស់សមាជិកទេ។ ប៉ុន្តែសហរដ្ឋអាមេរិកបានរក្សាសិទ្ធិដើម្បីដកខ្លួន នៅពេលដែលចូលរួមក្នុង WHO កាលពីឆ្នាំ១៩៤៨ ក្រោមលក្ខខណ្ឌផ្តល់ការជូនដំណឹងជាមុន១ឆ្នាំ ហើយបំពេញកាតព្វកិច្ចហិរញ្ញវត្ថុពេញលេញ សម្រាប់ឆ្នាំសារពើពន្ធនោះ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃដំបូងនៃការត្រឡប់មកកាន់អំណាចនៅសេតវិមានវិញ កាលពីខែមករា ឆ្នាំ២០២៥ បានបញ្ជូនការជូនដំណឹងមុនរយៈពេល១ឆ្នាំ ទៅកាន់ WHO អំពីការដកសមាជិកភាពរបស់សហរដ្ឋអាមេរិក។ ការជូនដំណឹងនោះ ឥឡូវបានផុតសុពលភាពហើយ ប៉ុន្តែទីក្រុងវ៉ាស៉ីនតោន មិនទាន់បង់ប្រាក់ដែលខ្លួននៅជំពាក់សម្រាប់ឆ្នាំ២០២៤ ឬឆ្នាំ២០២៥នោះទេ ដោយនៅជំពាក់ថវិកាសរុបប្រហែល២៦០លានដុល្លារ។ តាំងពីដើមមក សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំជាងគេបង្អស់របស់ WHO។ មហាសន្និបាត WHO នឹងសម្រេចចិត្តលើការដកខ្លួនរបស់សហរដ្ឋអាមេរិក នៅពេលសន្និបាតប្រព្រឹត្តទៅ នាថ្ងៃទី១៨-២៣ ខែឧសភា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print