ភ្នំពេញ ៖ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ដដែលនេះ បន្ទាប់ពីជំនួបជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំងដែលសម្ដេចបានជួបជាមួយនឹងលោក Pham Van Tra ។
សម្ដេចបានចាត់ទុក លោកគឺជាមិត្តចាស់របស់កម្ពុជាជាពិសេស លោកបានចូលរួមចំណែកកន្លងមកក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងអនុស្សាវរីយ៍ជាច្រើន។
ក្នុងឱកាសនោះ លោក Pham Van Tra បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី បន្ទាប់ពីបែកគ្នាអស់រយៈពេល១០ឆ្នាំ មកហើយ។
លោកបានលើកឡើងថាដំណើររបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺមានពីរសំខាន់ ៖
ទី១) គឺថាចង់មកជួបសួរសុខទុក្ខសម្ដេចតេជោតែម្ដងដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមកនិងធ្លាប់ធ្វើកិច្ចការងារដ៏ច្រើនជាមួយគ្នា
ទី២) ឯកឧត្តមចង់មើលនូវទីតាំងមួយចំនួនដែលជាអនុស្សាវរីយ៍ដែលឯកឧត្តមធ្លាប់សហការជាមួយនឹងកម្ពុជានៅក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាឱកាសនេះសម្ដេចតេជោក៏បានអញ្ជើញឯកឧត្តម Pham Van Tra ទទួលទានអាហារថ្ងៃត្រង់មួយពេលក្នុងបរិយាកាសរីករាយទៀតផង៕
ដោយ ៖ សិលា










