ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ពាក់ព័ន្ធនឹងព័ត៌មានដែលបានចែករំលែកតាមបណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយមួយចំនួន អំពីករណីពលរដ្ឋម្នាក់រងគ្រោះដោយសារតែមានបុគ្គលម្នាក់សុំខ្ចីម៉ូតូ ហើយយកទៅលក់បញ្ចាំនៅក្រុងតាខ្មៅ និងបានទទូចឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូវិញនោះ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលា។ ជាលទ្ធផល សមត្ថកិច្ចបានកំណត់ថា នេះជាករណី “រំលោភលើទំនុកចិត្ត” ដោយការខ្ចីម៉ូតូយកទៅលក់។
ព័ត៌មានលម្អិតនៃករណី៖ *កាលបរិច្ឆេទកើតហេតុ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ នាទី។ *ទីតាំង៖ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល
ជនរងគ្រោះ៖ ឈ្មោះ អាត រតនៈ ភេទប្រុស អាយុ ២០ឆ្នាំ ជានិស្សិត មានទីលំនៅភូមិ-សង្កាត់ខាងលើ។
ជនសង្ស័យ៖ ឈ្មោះ ឈន សុធីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅទីតាំងដូចគ្នា (បច្ចុប្បន្នត្រូវបានឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ * ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Samsung ពណ៌ខៀវ (ជាកម្មសិទ្ធិរបស់ជនសង្ស័យ)
សម្ភារបាត់បង់៖ * ម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AA-7546
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសុំខ្ចីម៉ូតូពីជនរងគ្រោះ ហើយយកទៅលក់ឲ្យបុគ្គលមិនស្គាល់អត្តសញ្ញាណ ដោយមានឯកសារពាក់ព័ន្ធជាមួយម៉ូតូក្នុងដៃ លក់បានតម្លៃ ១,២៨០ ដុល្លារ ពិតប្រាកដ។
ចំពោះម៉ូតូខាងលើ តាមការស្រាវជ្រាវបឋម បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ ស៊ន់ ធា អាយុ ៥០ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ បានទិញម៉ូតូនេះដោយពិនិត្យឃើញមានឯកសារគ្រប់គ្រាន់ ហើយបន្ទាប់មកបានលក់បន្តទៅឲ្យអ្នកផ្សេងទៀត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកម៉ូតូវិញតាមនីតិវិធីច្បាប់។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕










