ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ។
សូមជម្រាបជូនថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ក្នុងន័យនេះរាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀតសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើវិស័យជាច្រើន ជាពិសេសបានចូលរួមការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ ១៩៩៩មកដល់បច្ចុប្បន្ននេះ។
– សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងបានអនុវត្តជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
– សម្ដេចធិបតី ថ្លែងស្នើដល់រដ្ឋាភិបាលជប៉ុនបន្តជួយកម្ពុជា លើការអភិវឌ្ឍហេរដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធគ្រប់គ្រងចម្រោះទឹកកខ្វក់បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យបង្កើតកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិបន្ថែមទៀតទេ ប៉ុន្ដែត្រូវជំរុញកំពង់ផែដែលកំពុងមានឱ្យអនុវត្តឱ្យអស់លទ្ធភាព និងបំពេញគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នាទេ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា បច្ចុប្បបន្ន រាជរដ្ឋាភិបាលកំពុងសាងសង់ កំពង់ធ្វើផែពហុបំណង នៅខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ ខណៈរាជរដ្ឋាភិបាលក៏កំពុងសាងសង់ព្រែកជីកហ្វូណនតេជោ ដើមតភ្ជាប់ផ្លូវទឹកសមុទ្រ និងផ្លូវទឹកសាបរបស់កម្ពុជា កាត់បន្ថែយតម្លៃដឹកញ្ជូនតាមផ្លូវគោក។
– សម្ដេចធិបតី ថ្លែងណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ បន្តធ្វើកំណែទម្រង់ស្ថាប័ន កសាងធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងទិសដៅក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ទោះបីជាមានបច្ចេកវិទ្យាទំនើប និងធនធានមនុស្សមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ប៉ុន្ដែបើប្រតិបត្តិការការងារនៅស្ថាប័ននោះមានភាពច្របូលច្របល់ ស្មុគស្មាញ ត្រួតគ្នា ក្នុងប្រព័ន្ធការងារ គឺមិនអាចឱ្យស្ថាប័ន ឬការងារនោះរីកចម្រើនបានទេ។
– សម្ដេចធិបតី ថ្លែងថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (Environmental Impact Assessment – EIA) កន្លែងខ្លះមិនបាច់ធ្វើត្រួតគ្នាទេ ព្រោះប្រភេទការវិនិយោគមួយចំនួនមិនបានប៉ះពាល់ដល់បរិស្ថាន។ សម្ដេចបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនដែលចូលទៅវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចមួយច្បាស់លាស់ គឺមានតំបន់នោះជាអ្នកធានារួចទៅហើយ ដូច្នេះពាក់ព័ន្ធនឹងត្រួតពិនិត្យបរិស្ថានមិនបាច់ធ្វើ EIA ម្ដងទៀត ដើម្បីកាត់បន្ថយការត្រួតពិនិត្យពីរដងជាន់គ្នា។
– សម្ដេចធិបតី ថ្លែងថា បច្ចប្បន្ននេះរាជរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់ស្ថាប័នរដ្ឋ ដើម្បីកុំឱ្យអនុវត្តការងារត្រួតស៊ីគ្នា កាត់បន្ថយនីតិវិធីស្មុគស្មាញចំពោះអ្នកវិនិយោគ ការធ្វើពាណិជ្ជកម្ម និងវិស័យនានានៅកម្ពុជា និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងធ្វើអាជីវកម្មនៅកម្ពុជា។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ឡើងវិញថា សម្ដេចបានណែនាំដល់ ក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូន ឬយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជាការចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ មិនមែនទៅធ្វើជាកងទ័ព កាន់កាំភ្លើងនោះទេ។
– សម្ដេចធិបតី ថ្លែងថា សង្គមជាតិមួយរីកចម្រើនទៅបាន គឺត្រូវការធនធានមនុស្សមានសុខភាពល្អរឹងមាំ មានវិន័យ មានឆន្ទះ និងការទទួលខុសត្រូវ។
– សម្ដេចធិបតី ថ្លែងថា«ប្រជាជនគ្រប់រូបត្រូវក្លាយជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិនោះទេ ក្នុងនោះក្មេងទំនើងក៏ដូចគ្នាដែរ មិនត្រូវក្លាយជាបន្ទុករបស់ជាតិទេ»៕
ដោយ៖តារា










