អន្តរជាតិ ៖ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ប្រទេសចិននឹងអនុវត្តវិធានការពន្ធគយសូន្យភាគរយចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ ឆ្នាំនេះគឺជាខួបទី ៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ផងដែរ ។ តាមពិតទៅ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ តទៅ ប្រទេសចិនក៏បានផ្តល់ការអនុគ្រោះពន្ធគយសូន្យភាគរយលើផលិតផលទាំងអស់របស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្វ្រិកចំនួន ៣៣ ។ ផលិតផលមានលក្ខណៈពិសេសរបស់ប្រទេសអាហ្វ្រិកជាច្រើន ដូចជាផ្កាកុលាបរបស់អេត្យូពី កាហ្វេរបស់អង់ហ្គោឡានិងម្នាស់របស់បេនីនជាដើមបានចូលក្នុងរាប់ពាន់គ្រួសាររបស់ចិនដែលបានធ្វើឱ្យជីវភាពរស់នៅរបស់អ្នកប្រើប្រាស់ចិនមានភាពកាន់តែសម្បូរបែប ។ ភាគលាភនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរយ៉ាងប្រាកដប្រជា ។
តាមទិន្នន័យបង្ហាញថា ទំហំពាណិជ្ជកម្មចិននិងអាហ្វ្រិកនៅឆ្នាំ២០២៥បានកើនឡើង ១៧,៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ហើយប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាហ្វ្រិកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ប្រទេសចិនបានប្រកាសថា នឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ហើយក្នុងពេលជាមួយគ្នានេះ ក៏នឹងបន្តជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចអភិវឌ្ឍន៍រួមផងដែរ ។ គិតរហូតមកដល់ពេលនេះ ចិនសម្រេចបាននូវការអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន ។ ចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់ទីមួយលើពិភពលោកដែលបានអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយឯកតោភាគីនិងគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននិងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។ ទីផ្សារដ៏ធំធេងរបស់ចិននឹងនាំមកកាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍរបស់អាហ្វ្រិក ហើយវាមុខជានឹងបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកនិងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់អាហ្វ្រិកជាមិនខាន ។
អ្នកជំនាញបានលើកឡើងថា ពន្ធគយសូន្យភាគរយគឺជាវិធានការដ៏សំខាន់របស់ចិនសម្រាប់ពង្រីកការបើកទូលាយដោយឯកតោភាគីនិងម្ចាស់ការដែលមានសារសំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាហ្វ្រិកនិងទំនាក់ទំនងអន្តរជាតិ ។ ប្រទេសចិនចែករំលែកកាលានុវត្តភាពនិងធ្វើការអភិវឌ្ឍរួមជាមួយភាគីអាហ្វ្រិកតាមរយៈគោលនយោបាយពន្ធគយសូន្យភាគរយដែលជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់ចិននិងអាហ្វ្រិកក្នុងការរួមចំណែកជាកត្តាស្ថិរភាពសម្រាប់សន្តិភាពនិងវឌ្ឍនភាពសកល
ដូច្នេះ តើគោលនយោបាយពន្ធគយសូន្យភាគរយដែលបានអនុវត្តនៅថ្ងៃទី ១ ខែឧសភានឹងនាំមកនូវអ្វីខ្លះដល់ទ្វីបអាហ្វ្រិក ?
ទីមួយគឺបានផ្តល់”ខែលគាំពារ”សម្រាប់ទ្វីបអាហ្វ្រិកក្នុងការឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម ។ ទីពីរគឺ ពន្ធគយសូន្យភាគរយក៏បានផ្តល់នូវ”ឧបករណ៍ពន្លឿន”សម្រាប់ការអភិវឌ្ឍរបស់ប្រទេសអាហ្វ្រិកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសអាហ្វ្រិកកំពុងពន្លឿនការជំរុញការធ្វើឧស្សាហូបនីយកម្ម ហើយពន្ធគយសូន្យភាគរយនឹងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនមកបណ្តាក់ទុននៅទ្វីបអាហ្វ្រិកដែលនឹងនាំមកនូវថវិកា បច្ចេកវិទ្យានិងបទពិសោធគ្រប់គ្រង ។ ប្រការនេះនឹងមានអំណោយផលដល់ការជំរុញការធ្វើឧស្សាហូបនីយកម្មនិងការធ្វើទំនើបកម្មកសិកម្មនៃប្រទេសអាហ្រ្វិក ហើយធ្វើឱ្យទ្វីបអាហ្វ្រិកក្តាប់ជាប់នូវសិទ្ធិម្ចាស់ការនៃការអភិវឌ្ឍ ។
ដើរតែម្នាក់ឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ ។ បើគ្មានការធ្វើទំនើបកម្មរវាងចិននិងអាហ្វ្រិក ក៏គ្មានការធ្វើទំនើបកម្មរបស់ពិភពលោកនោះឡើយ ។ ពន្ធគយសូន្យភាគរយមិនត្រឹមតែនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរដែលធ្វើឱ្យអ្នកផងទាំងពួងកាន់តែច្រើនឡើងៗយល់ឃើញថា មានតែប្រកាន់ខ្ជាប់នូវការបើកទូលាយ បរិយាបន្ននិងការអភិវឌ្ឍរួម ទើបជាផ្លូវដ៏ត្រឹមត្រូវក្នុងលោកមនុស្ស ៕
ប្រភព ៖ (CCFR)











