ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារីយកចិត្តទុកដាក់លើស្រ្តីជាមន្ត្រីចូលនិវត្តន៍! 

ចែករំលែក៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើមរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ផ្សារភ្ជាប់មនោសញ្ចេតនា ស្រឡាញ់រាប់អាន និងនឹករលឹក សួរសុខទុក្ខ ដល់ស្រ្តីជាមន្រ្តីចូលនិវត្តន៍ បើទោះបីជាលោកជំទាវ លោកស្រីទាំងអស់ បានចូលនិវត្តន៍។

 

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនជាស្ដ្រីរបស់ក្រសួងមហាផ្ទៃ នៅទីស្នាក់ការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវប្រធានប្រតិបត្តិ អនុប្រធាន សមាជិក សមាជិការគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃសរុប១៦៣រូប។

 

ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា ពិធីសំណេះសំណាលនេះមានសារៈសំខាន់សម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះនិវត្តជនដែលជាស្ត្រី។ បើទោះបីជាលោកជំទាវ លោកស្រីចូលនិវត្តន៍ក៏ដោយ ក្រសួងនៅតែផ្តល់តម្លៃ ព្រោះនិវត្តន៍ជនដែលជាស្ដ្រីទាំងអស់ជាឃ្លាំងចំណេះដឹង និងបទពិសោធ ជួយត្រួសត្រាយផ្លូវសម្រាប់មន្ត្រីជំនាន់ក្រោយ។

 

លោកជំទាវ ជូ ប៊ុនអេង ប្រធានប្រតិបត្តិគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ត្រូវបានបង្កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបានប្ដូរឈ្មោះ៤ដងតាមការវិវត្តន៍សង្គម តាំងពីសមាគមនារីសង្គ្រោះជាតិ សមាគមនារីបដិវត្តន៍កម្ពុជា សមាគមនារីកម្ពុជា និងពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន ជាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ សមាគមមានសាខាទូទាំងក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាញដល់មូលដ្ឋាន និងវិស័យឯកជន។

 

លោកជំទាវ ប្រធានប្រតិបត្តិ បន្ថែមទៀតថា សមាគមនារី គឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រគោលនយោបាយជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានប្រកាសជាផ្លូវការ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីរួមគ្នាជាមួយអង្គការយុវជន សហជីព និងរណៈសិរ្សរួបរួមជាតិ រំដោះប្រទេសជាតិមាតុភូមិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍។

 

លោកជំទាវ បានបញ្ជាក់ថា ចរិតលក្ខណៈរបស់សមាគមនារី គឺផ្តោតលើសាមគ្គីភាព ឯកភាពផ្ទៃក្នុងមិនក្រអឺតក្រទម មិនរើសអើង ទន់ភ្លន់តែម៉ឺងម៉ាត់ ឈរលើអំពើល្អ ចេះជួយទុក្ខធុរៈគ្នា គាំទ្រគ្នា មិនអត្មានិយម មិនឆ្កិះឆ្កៀល ញុះញង់ បំបែកបំបាក់សាមគ្គីភាព ដែលទាំងអស់នេះ ជាមូលដ្ឋានគ្រឹះ ធ្វើឲ្យសមាគមនារីនៅតែមានភាពរឹងមាំ និងស្វាហាប់ ឆ្ពោះទៅមុខ និងរីកចម្រើនឥតឈប់ឈរ។

...

 

គួរបញ្ជាក់ថា គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃបានរៀបចំរចនាសម្ព័ន្ធដែលមានសមាសភាពជាអាទិ៍ ថ្នាក់កិត្តិយសមានសមាសភាពមាន១៥រូប ថ្នាក់ប្រតិបត្តិមាន៥៥រូប លេខាធិការដ្ឋាន ជាសេនាធិការមាន ៤៦រូប អនុសាខាសមាគមនារី នៅតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ស្មើ ចំនួន៦ដែលមានថ្នាក់កិត្តិយស មាន ៤១រូប ជាប្រធាន និងឧត្តមភរិយាថ្នាក់ដឹកនាំអង្គភាព ថ្នាក់ប្រតិបត្តិមាន ១១៦រូប និងសមាជិកដែលចុះបញ្ជីមាន ៥០០ រូប៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print