ខេត្តស្វាយរៀង: អ្នកភូមិអូសអួនរកត្រី ប្រទះឃើញសពក្មេងប្រុស២នាក់ពីរអណ្ដែតទឹកនៅចំណុចមាត់ទន្លេវៃគោត្រើយខាងកើត ក្រុងស្វាយរៀងផ្អើលប្រជាពលរដ្ឋទាំងក្បាលល្ងាច។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាសាកសពមានឈ្មោះ ម៉ន សុវណ្ណ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ទីកន្លែងកំណើត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងសាកសពឈ្មោះ អ៊ឹង ច័ន្ទបូភ័ក្រ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ទីកន្លែងកំណើតភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៤និ៣០នាទីល្ងាច សមត្ថកិច្ចបាន ទទួលព័ត៌មានថា មានប្រជាពលរដ្ឋប្រទះឃើញសាកសពពីរអណ្ដែតទឹកនៅចំណុចមាត់ទន្លេវៃគោត្រើយខាងកើត ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងលោកវេជ្ជបណ្ឌិត ជូន សម្បត្តិ សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ។
ផ្អែកតាមចម្លើយបំភ្លឺរបស់ឈ្មោះ ចាន់ សារ៉ុន ភេទប្រុស បានឆ្លើយជូនសមត្ថកិច្ចថា: នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទី រូបខ្លួនបានធ្វើដំណើរចេញពីផ្ទះមកអូសអួនរកត្រីជាមួយក្មួយៗនៅមាត់ទន្លេ តារ៉ុន ព្រះទន្លេដោយបានយកត្រីទៅអាំងក្លែមស្រានៅរោងអ្នកតា តារ៉ុន នៅមាត់ទន្លេស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លុះផឹករហូតដល់ម៉ោង៤និង១៥នាទីល្ងាច រូបខ្លួនបានដើរចេញពីរោងអ្នកតា តារ៉ុន មកដល់មាត់ទន្លេដើម្បីដឹកក្របីទៅផ្ទះ ក៏ស្រាប់តែប្រទះឃើញមានអ្វីអណ្ដែតទឹក ដោយសង្ស័យក៏បានចុះទៅមើលឃើញមានសាកសពក្មេងពីរនាក់អណ្ដែតទឹកឃើញដូច្នេះ ខ្លួនក៏បានស្រែកហៅក្មួយៗឲ្យមកជួយមើលហ្នឹងបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ផ្អែកតាមចម្លើយរបស់ឈ្មោះ ឌឹម សាម៉េន ភេទប្រុស ត្រូវជាឪពុកជនរងគ្រោះឈ្មោះ ម៉ន សុវណ្ណ បានឆ្លើយបំភ្លឺជូនសមត្ថកិច្ចថា: កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣និង០០នាទី កូនប្រុសរបស់ខ្លួនបានជិះមួយគ្រឿងម៉ាក
ធូដេរ ជាមួយមិត្តភក្កិម្នាក់ទៀតឈ្មោះ អ៊ឹង ច័ន្ទបូភ័ក្រ ជិះកង់អាគុយដោយប្រាប់ថា ទៅរៀនគួរ។
រហូតដល់ម៉ោង ១៦និង០០នាទី មិនឃើញកូនត្រឡប់មកផ្ទះវិញ ខ្លួនក៏បានចេញដើររកដែរ តែរកពុំឃើញ។ លុះមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៤១នាទី មានតេឡេក្រាមឈ្មោះ UN thy ខលមកប្រាប់ខ្លួនថា មានគេប្រទះឃើញសពក្មេងពីរនាក់អណ្ដែតទឹក ខណៈនោះខ្លួនបានមើលវីដេអូដែលគេផុសក្នុងតេលេក្រាម ទើបដឹងថាសាកសពនោះ គឺជាកូនរបស់ខ្លួន និងមិត្តភក្តិរបស់វា ក៏បបួលគ្នាទៅមើលតែម្តង។
សមត្ថកិច្ចបានសន្និដ្ឋានថាពិតជា ស្លាប់ដោយលង់ទឹក ប្រាកដមែន។
ក្រោយពីធ្វើការពិនិត្យ សាកសពចប់សព្វគ្រប់ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមានការយល់ព្រមពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សាកសពទាំងពីរ បានប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន










