លោកប្រធានាធិបតី Trump បានប្រកាសថាចំនួនកងទ័ពដែលចាកចេញពីប្រទេសអាល្លឺម៉ង់អាចលើសពី 5,000 នាក់ដែលបានប្រកាសពីមុន ដែលជាចលនាមួយដែលធ្វើឲ្យសមាជិកសភាសាធារណរដ្ឋជាច្រើនមានការព្រួយបារម្ភ។
លោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋ Florida កាលពីថ្ងៃទី 2 ខែឧសភា ដោយសំដៅទៅលើការសម្រេចចិត្តដកកងកម្លាំងអាមេរិកមួយចំនួនដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែមិនបានផ្តល់ចំនួនជាក់លាក់នោះទេ។
ដោយអាមេរិកដកទ័ព អាល្លឺម៉ង់ ជំរុញឱ្យអឺរ៉ុបពង្រឹងការការពារខ្លួនឯង ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយនាថ្ងៃ សៅរ៍ ទី២ ខែឧសភា ថាការដកកងទ័ពអាមេរិក ៥ ០០០នាក់ចេញពីអាល្លឺម៉ង់គឺអាចទៅរួច ប៉ុន្តែវាគួរតែអាចជាការជំរុញទឹកចិត្តឱ្យអឺរ៉ុប ពង្រឹងប្រៀបការពារជាតិខ្លួនឯងទៅវិញទេ។
លោក Pistorius បានឱ្យដឹងថា ការដកចេញមួយផ្នែកនឹងប៉ះពាល់ដល់វត្តមានអាមេរិកបច្ចុប្បន្ន ដែលមានទាហានជិត ៤០ ០០០នាក់ឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។
«យើង អឺរ៉ុបត្រូវតែទទួលខុសត្រូវថែមទៀត ចំពោះសន្តិសុខផ្ទាល់ខ្លួន ដោយបន្ថែមថា អាល្លឺម៉ង់កំពុងដើរលើផ្លូវត្រូវដោយពង្រីកកងកម្លាំងប្រដាប់អាវុធ បង្កើនល្បឿនលទ្ធកម្មយោធា និងការកសាងហេដ្ឋារចនាសម្ព័ន្ធ»។ នេះជាការបញ្ជាក់ពីលោក Pistorius។
ប្រធានាធិបតី ដូ ណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់បន្ថយវត្តមានយោធានៅអាល្លឺម៉ង់ តាំងពីអាណត្តិដំបូងរបស់លោកមកម្ល៉េះ និងទទូចម្តងហើយម្តងទៀតឱ្យអឺរ៉ុបទទួលខុសត្រូវចំពោះវិស័យការពារជាតិរបស់ខ្លួន។
តាមមន្ទីរបញ្ចកោណ ការដកកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៦ ទៅ ១២ខែបន្ទាប់។ មិនមានការបញ្ជាក់ទេថានឹងដកចេញពីមូលដ្ឋានណាមួយ ឬថាតើកងទ័ពនឹងត្រឡប់ទៅសហរដ្ឋអាមេរិក ឬត្រូវបានដាក់ពង្រាយឡើងវិញនៅក្នុងទ្វីបអឺរ៉ុប ឬនៅកន្លែងផ្សេងទៀត៕

រូបថត:TVP World









