ភ្នំពេញ ៖ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វិស័យព័ត៌មានរវាងកម្ពុជា និងចិន បានក្លាយជាសរសៃឈាមដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត ការពារការពិត និងជំរុញចក្ខុវិស័យអភិវឌ្ឍន៍រួមគ្នាឱ្យកាន់តែស៊ីជម្រៅ។
នេះបើតាមការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថាប័នព័ត៌មានរដ្ឋរបស់កម្ពុជា រួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), វិទ្យុជាតិកម្ពុជា (RNK) និង ទូរទស្សន៍ជាតិកម្ពុជា (TVK) បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ចិន ដូចជាៈ សារព័ត៌មាន Xinhua និង Guangxi Daily និងវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន (CMG)ជាដើម។
លោកបន្តថា កិច្ចសហការនេះមិនត្រឹមតែលើការផ្លាស់ប្តូរព័ត៌មានឱ្យមានភាពសម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការតភ្ជាប់វេទិកាឌីជីថលពហុភាសា និងការបង្ហាញពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចពិតប្រាកដរបស់កម្ពុជាទៅកាន់ពិភពលោក។ ក្នុងនោះក្រសួងព័ត៌មានបានសហការជាមួយភាគីចិនដាក់ចេញនូវយន្តការ “Zero Fake News” ឬយុទ្ធនាការគ្មានព័ត៌មានក្លែងក្លាយ ក្នុងក្របខណ្ឌឡានឆាង-មេគង្គ។ យន្តការនេះដើរតួជា “ខែល” ដ៏រឹងមាំក្នុងការប្រឆាំងរាល់ការប្រឌិតព័ត៌មានដែលមានចរិតអគតិ និងរបៀបវារៈនយោបាយពីមជ្ឈដ្ឋានខាងក្រៅ។ រក្សាការពារតម្លៃនៃគម្រោងយុទ្ធសាស្ត្រនានាដែលកើតចេញពីកិច្ចសហការរវាងប្រទេសទាំងពីរ។ ធានាថាពិភពលោកទទួលបានព័ត៌មានត្រឹមត្រូវអំពីកម្ពុជាតាមរយៈប្រភពផ្លូវការ។
លោកអ្នកនាំពាក្យបានលើកយកគម្រោង ព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបើកការដ្ឋានដំណាក់កាលទី២ នៅខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ មកបង្ហាញពីភាពជោគជ័យនៃការតភ្ជាប់ជាមួយ ព្រែកជីក Pinglu របស់ចិន។ នេះគឺជាសក្ខីភាពនៃមិត្តភាពដែកថែប ដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏មហិមា។
លោក ទេព អស្នារិទ្ធ «កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីជាសរសៃឈាមនៃទំនុកចិត្ត ក្នុងការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍតាមផ្លូវទឹក រួមទាំងថាមពលបៃតង ទេសចរណ៍ និងពាណិជ្ជកម្ម»។
សូមបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរវាងកម្ពុជា-ចិន ក្នុងវិស័យព័ត៌មាន មិនមែនគ្រាន់តែជាការចែករំលែកដំណឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់បេះដូងរវាងប្រជាជាតិ និងប្រជាជាតិ។ វាជាការបញ្ជូនសារអំពីចក្ខុវិស័យអភិវឌ្ឍន៍រួមគ្នាដែលមាននិរន្តរភាព បង្កើតបរិយាកាសព័ត៌មានវិជ្ជមាន ដើម្បីទាក់ទាញការវិនិយោគ និងការតភ្ជាប់ភស្តុភារកម្មឱ្យកាន់តែរឹងមាំសម្រាប់ថ្ងៃអនាគត៕
ប្រភព ៖ (CCFR)











