ទូតអង់គ្លេសនៅកម្ពុជា កំពុងព្រួយបារម្ភចំពោះការផ្ទុះអាវុធរបស់ថៃនៅអូរស្មាច់ និងថាអ្នកការទូតត្រូវតែអាចបំពេញការងាររបស់ខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានឱ្យដឹងតាមរយៈអ្នកនាំពាក្យរបស់ខ្លួន ដោយបង្ហាញនូវក្ដីបារម្ភចំពោះការផ្ទុះអាវុធរបស់ថៃក្នុងពេលដែលក្រុមអនុព័ន្ធយោធាបរទេសចុះទៅពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃនៅច្រកអូរស្មាច់សប្ដាហ៍មុន។ ស្ថានទូតអង់គ្លេសបានបញ្ជាក់ថា «អ្នកការទូតដែលមានការទទួលស្គាល់ត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសុវត្ថិភាព»។

 

សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅក្នុងពេលដែលក្រសួងការពារជាតិកម្ពុជាសម្របសម្រួលដល់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះសង្កេតការណ៍នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ១០និង៣៥នាទី ទាហានថៃបានផ្ទុះអាវុធ M79 និងM16 ចំនួន៩គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល។

 

អ្នកនាំពាក្យស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា វុទ្ធី សុកញ្ញា បានឆ្លើយសំណួរកម្ពុជាថ្មីតាមរយៈសារអេឡិចត្រូនិកអ៊ីមែលកាលពីចុងសប្ដាហ៍មុន ដោយបានបង្ហាញនូវក្ដីបារម្ភចំពោះឧបទ្ទវហេតុនោះ ព្រមទាំងបានបញ្ជាក់ផងដែរថាក្នុងពេលនោះក៏មានក្រុមអនុព័ន្ធយោធាចក្រភពអង់គ្លេសផងដែរ។

 

អ្នកនាំពាក្យស្ថានទូតបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសដែលកំពុងបន្តដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពនៅលើដី និងដើម្បីលើកទឹកចិត្តភាគីទាំងពីរឱ្យឈានដល់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែន»។

 

អ្នកនាំពាក្យបន្ថែមផងដែរថាអ្នកការទូតដែលមានការទទួលស្គាល់ត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសុវត្ថិភាព។

...

 

ហេតុការណ៍ផ្ទុះអាវុធគំរាមដល់សន្តិសុខក្រុមអនុព័ន្ធយោធាបរទេសពីសំណាក់យោធាថៃនេះក៏ត្រូវបានស្ថានទូតបរទេសមួយចំនួននៅកម្ពុជាបានចេញប្រតិកម្មផងដែរក្នុងនោះអ្នកនាំពាក្យស្ថានទូតអាមេរិកថាស្ថានទូតកំពុងវាយតម្លៃលើការផ្ទុះអាវុធនោះ និងរំឭកពីការប្ដេជ្ញារបស់កម្ពុជា-ថៃ ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ ដោយឡែកស្ថានទូតអូស្ត្រាលីបានជំរុញដល់ប្រទេសទាំងពីរឱ្យអនុវត្តន៍បទឈប់បាញ់ដោយស្មោះត្រង់ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print