ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ចំណែកឯបុរសម្នាក់ទៀតរួមដំណើរជាមួយរងរបួសស្រាលក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវដូចគ្នាចំពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀតចតចោលនៅលើចចារផ្លូវ កាលពីវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី ៤ខែឧសភាឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវ១៨២ កែង ៣៣៦ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកKIAពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BY-2396 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យលុះពេលបើកមកដល់ចំណុចកើតហែតុខាងលើផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CQ-1851 ជិះដោយបុរស២នាក់ ឌុបគ្នាចេញពីផ្លូវ 336 ទិសដៅពីត្បូងទៅជើងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តចំពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀតចតចោលនៅលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែកឯបុរស២នាក់
ជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់និងស្រាលដឹកតាមកង់បីយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់បាននៅនិងកន្លែង។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










