ខេត្តតាកែវ៖ បុរសម្នាក់ដែលផឹកស្រាជាប្រចាំហើយតែង តែបង្កអុកឡុកអ្នកភូមិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយប្រើអំពើហិង្សាវាយអ្នកភូមិម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់បន្ទាប់ពីបានផឹកស៊ីស្រវឹង។
មន្ត្រីនគរបាលស្រុកអង្គរបុរីឲ្យដឹងថា នៅថ្ងៃចន្ទ ៣រោចខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង១៨និង១០ នាទី កើតមានករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ ទោស) ០១ករណី នៅចំណុចផ្ទះឈ្មោះ យី យឿន ភេទ ប្រុស អាយុ២៣ឆ្នាំ ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរីខេត្តតាកែវ ដែលបង្កឡើងដោយឈ្មោះ យីយឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដមានទី លំនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី បានផឹកស្រាស្រវឹង ហើយធ្វើសកម្មភាពយកដំបងឈើជ្រុង (៣គុណ ៤)មួយកំណាត់ប្រវែង៥៤សង់ទីម៉ែត្រមានជាប់ ដែក គោលជាមួយវាយមួយដំបងទៅលើឈ្មោះ ទូច រ័ត្ន ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាង លើត្រូវចំក្បាលខាងក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យរបួសបែកក្បាល ហើយក្រុមគ្រួសារបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម បន្ទាប់មកបងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច។
ក្រោយពីទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារជនរង គ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បញ្ជាកម្លាំងជំនាញឃាត់ខ្លួនជនបង្កខាង លើ និងប្រមូលវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថាជនបង្កខាងលើបានផឹកស្រាជាប្រចាំបង្កអុកឡុកជាមួយអ្នកភូមិជិតខាងជាញឹកញាប់៕










