ភ្នំពេញ÷ នាយប៉ុស្តិ៍ម្នាក់ដាច់សាច់ម្រាមដៃ និងមន្ត្រីនគរបាលម្នាក់ទៀតរបួសស្រាល បន្ទាប់ពីចុះបង្រ្កាបករណីបុរសជនជាតិចិនម្នាក់ ចូលអុកឡុកក្នុងហាង ទំនិញខ្នាតតូចមួយកន្លែងដោយបំផ្លាញទំនិញខូចខាតអស់មួយចំនួន និងទាញដបស្រាគប់បុគ្គលិកនាំគ្នារត់ ចេញក្រៅ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះកើតឡើងស្ថិតនៅចំណុចហាងលក់ ទំនិញខ្នាតតូចយីហោ “Smile Mini Marts” ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៦:២០ នាទីព្រឹកព្រលឹម ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលេី សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ(ស៊ីវិល) ចុះជួយអន្តរាគមន៍ចូលទៅចាប់ឃាត់បុរសបរទេសខាងលេីនោះ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ដើម្បីធ្វើការចាត់ការបន្តតាមនីតិវិធី ។
ករណីនេះ នគរបាល២រូបបានរងរបួស ដោយសារបុរសជនជាតិចិនខាងលេីខាំ បណ្ដាលឲ្យលោកនាយប៉ុស្តិ៍ចាក់អង្រែលេី របួសដាច់សាច់ម្រាមដៃធ្ងន់គួរសម។ រីឯមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀតក៏ត្រូវបុរសជនជាតិចិននោះខាំដែរ បណ្ដាលឲ្យរបួសដៃស្រាល ៕
ដោយ៖ សុរិយា










