ខេត្តបាត់ដំបង ៖ រយៈពេលត្រឹមតែ១ថ្ងៃ អគ្គិភ័យដែលគេអះអាងថា បណ្ដាលមកពីការ«ឆ្លងចរន្តអគ្គិសនី»កើត ឡើងចំនួន០២លើកផ្ទូនៗគ្នា ដែលបានលេបយករោងចិញ្ចឹមជ្រូកដ៏ធំ១កន្លែង និងលំនៅឋានប្រជាពលរដ្ឋ១ខ្នង កាលពីថ្ងៃទី០៥ ឧសភា នៅស្រុកបវេល តែពុំមានរបាយការណ៍ស្ដីពីគ្រោះថ្នាក់មនុស្សទេ ។
របាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា រោងចិញ្ចឹមជ្រូកមួយកន្លែងដែលមានទំហំ៥ម៉x១២ម៉ របស់លោក រ៉ាល់ មុនី នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ត្រូវអគ្គិភ័យឆេះអស់ជាងពាក់កណ្ដាល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ០៥ ឧសភា ដែលជនរងគ្រោះ និងសមត្ថកិច្ចប្រាប់ថា ដោយសារ«ឆ្លងចរន្តអគ្គិសនី» ។
សមត្ថកិច្ចដែលបានស្រង់ការបំភ្លឺម្ចាស់រោងបានបញ្ជាក់ថា អគ្គិភ័យឆេះរោងទ្រុងជ្រូកខូចខាតអស់ប្រហែល៥០% ម៉ូតូ០១គ្រឿង និងសម្ភារកសិកម្មមួយចំនួន តែពុំមានគ្រោះថ្នាក់ដល់មនុស្ស ឬជ្រូកចិញ្ចឹម ។ ដោយឡែក និយាយពីរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចវិញ បានទៅដល់ទាន់ពេលវេលាដែរ តែដោយសារច្រកចេញចូលចង្អៀត មិនអាចចូលដល់ទីតាំងកើតហេតុ ដើម្បីបាញ់ទឹកជួយពន្លត់បានទេ ។ ដូច្នេះ មានតែប្រជាពលរដ្ឋនៅក្បែរខាងទេ ដែលបានជួយអន្តរាគមន៍ផ្ទាល់ ។
ចំណែកករណីទី២ អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល នៅចំណុចភូមិដង្កោពេន ឃុំព្រៃខ្ពស់ ស្រុកបវេល ។ អគ្គិភ័យលើកទី២នេះ ក៏ត្រូវម្ចាស់ ផ្ទះ និងសមត្ថកិច្ចអះអាងថា បណ្ដាលមកពីការ «ឆ្លងចរន្តអគ្គិសនី»ដែរ ។
លំនៅឋាននេះ ធ្វើពីឈើប្រក់ស័ង្កសី មានទំហំ៧ម៉x៨ម៉ ដែលមានម្ចាស់ឈ្មោះ ប៉ោ គន់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅចំណុចកើតហេតុ ។ របាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា លំនៅឋានដ៏ធំនេះ ត្រូវអគ្គិភ័យឆេះអស់ប្រហែល៨០% ក្រៅពីនេះ មានអង្កចំនួន០១២ការ៉ុង ស្រូវចំនួន១០ការ៉ុង រួមនឹងសម្ភារនៅក្នុងផ្ទះមួយចំនួនទៀត តែពុំបង្កគ្រោះថ្នាក់ដល់មនុស្សទេ ៕










