អាមេរិក និងអ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឬ?

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសអ៊ីរ៉ង់ នាថ្ងៃពុធនេះបានឱ្យដឹងថា ខ្លួនកំពុងពិនិត្យលើសំណើថ្មីមួយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានប្រភពបង្ហើបថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងខិតជិតសម្រេចបាននូវអនុស្សរណៈដែលមានខ្លឹមសារត្រឹមតែមួយទំព័រ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្រ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងផ្ដល់ចម្លើយតបវិញក្នុងពេលឆាប់ៗ តាមរយៈប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល និងជាអ្នកនាំសារដ៏សំខាន់រវាងភាគីទាំងពីរ។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារលើបណ្ដាញសង្គមថា សង្គ្រាមអាចនឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់យល់ព្រមគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា លើអនុស្សរណៈដែលមាន ១៤ចំណុចសំខាន់ៗ សំដៅបញ្ចប់ជម្លោះជាផ្លូវការ និងឈានទៅរកការជជែកពីការបើកច្រកសមុទ្រហ័រមូស ព្រមទាំងការដកទណ្ឌកម្មសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក មិនទាន់មានការបញ្ចេញមតិជាសាធារណៈណាមួយនៅឡើយទេជុំវិញវឌ្ឍនភាពនេះ។ ប្រភពពីមន្ត្រីអ៊ីស្រាអែលមួយរូបបានបង្ហើបថា ទីក្រុងតេអាវីវមិនបានទទួលដំណឹងថា លោក ត្រាំ ជិតសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះទេ ហើយផ្ទុយទៅវិញ យោធាអ៊ីស្រាអែលកំពុងតែត្រៀមលក្ខណៈសម្រាប់ការបង្កើនកម្រិតនៃការប្រយុទ្ធគ្នាឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print