ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមានសមត្ថកិច្ចបានឃាត់ ខ្លួនឃាតករម្នាក់ដែលកាប់ជនរងគ្រោះម្នាក់ជិតដាច់ក បណ្តាលឱ្យស្លាប់នឹងកន្លែងក្រោយផឹកស៊ីជាមួយគ្នានៅខ្ទមស្រែក្បែរភូមិ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នៅភូមិអន្សោមចេក ឃុំសឿ ស្រុកមង្គលបូរី។
ឃាតករដែលត្រូវបានឃាត់ខ្លួនឈ្មោះ ផល្លី ផានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអន្សោមចេក ឃុំសឿ ស្រុកមង្គលបូរី និងជនរងគ្រោះដែលស្លាប់ឈ្មោះ ឃឿន សុឃីម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ។
អ្នកដឹងហេតុការណ៍ឱ្យដឹងថា ជនរងគ្រោះនិងឃាតករជាមិត្តភក្តិនឹងគ្នា ក្រោយត្រឡប់ពីស៊ីឈ្នួលភ្ជួរស្រែដោយគោយន្តកន្ត្រៃនិងព្រោះស្រូវឱ្យគេហើយបានលុយនាំគ្នាផឹក២នាក់នៅខ្ទមស្រែរបស់ឈ្មោះ ផល្លី ផានិត ហើយមិនដឹងមានទំនាស់អ្វីនោះទេ ស្រាប់តែឃាតករបានកាំបិតកាដេញកាប់ជនរងគ្រោះរត់ជិត២០ម៉ែត្រពីខ្ទមហើយធ្លាក់ផុងស្រែ រត់មិនរួចត្រូវបានឃាតករកាប់ចំ.កដួលហើយកាប់ចំកស្ទើរដាច់ រួចអូសមកដាក់ក្បែរខ្ទមហើយអង្គុយមើល ត្រូវបានកម្លាំងរដ្ឋបាលប៉ុស្តិ៍នគរបាលសឿចាប់ខ្លួនបានប្រគល់ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។
ប្រភពពីម្តាយឃាតករបានថា មុនពេលជនសង្ស័យដែលត្រូវជាកូនរបស់គាត់បានកាប់ទៅលើជនរងគ្រោះស្លាប់ គឺគាត់បានប្រាប់ទៅជនរងគ្រោះថា កុំមកផឹកជាមួយជនសង្ស័យ ព្រោះប៉ុន្មានថ្ងៃនេះជនសង្ស័យអាចជាបែកថ្នាំ តែជនរងគ្រោះមិនស្តាប់។
ក្រោយភ្ជួរស្រែបានលុយផឹកជាមួយគ្នាត្រូវបានឃាតករកាប់បណ្តាលស្លាប់ក្នុងថ្លុកឈាម ហើយឃាតករបានអង្គុយមើលត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឃុំសឿសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរីឃាត់ខ្លួនបញ្ជូនអនុវត្តតាមនីតិវិធីបន្ត៕
ដោយ៖ សុរិយា










