ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការ ជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ។ បើបទល្មើសទាំងនេះត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ គឺបងប្អូននេះហើយ ។
លោក ឃួង ស្រេង បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ទៅដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅរ សៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា៖ ក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋតែងការពារនិងគិតគូរពីផលប្រយោជន៍បងប្អូន។ ភ្ញៀវបរទេសដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្ករបទល្មើសផ្សេងៗ យើងស្វាគមន៍ពួកគាត់។តែបើពួកគាត់មកកម្ពុជា ដើម្បីបង្ករបទល្មើស ប្រទេសកម្ពុជាយើងក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។យើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា គ្មានបទល្មើស Scam Online ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រូបតេឡេក្រាមមួយ ជាមួយម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេសគឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានអំពីភាព មិនប្រក្រតី ឬបទល្មើស Scam Online បានគ្រប់ពេលវេលា។ លើសពីនេះទៀត លោក អភិបាលក៏បាន ណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធ ឬទារលុយកាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។
កម្មវិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់តំណាងម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួនជាង៤០០នាក់ ជាមួយនឹងការធ្វើបទបង្ហាញ ពីសំណាក់ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងលោកប្រធានការិយាល័យជនបរ ទេស នៃស្នងការដ្ឋាននគរបាលរាជធានីផងដែរ។
លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៩ទំព័រ ៥ជំពូកនិង២៤មាត្រា ហើយក្នុងច្បាប់នេះ លោកបានលើកឡើងតែចំនួន៦មាត្រា តែប៉ុណ្ណោះ ដើម្បីពន្យល់បន្ថែមដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំឱ្យបានយល់ដឹងបន្ថែម។ ទោះបីជាយ៉ាងណាក្តី លោក អភិបាលរងរូបនេះ បានជំរុញ ឱ្យបង ប្អូនទាំងអស់ពិនិត្យច្បាប់នេះឱ្យបានលម្អិតល្អន់ ជៀសវាងមានបញ្ហា ឈានទៅមានទោសទណ្ឌ ដោយគិតមកដល់ពេលនេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើស Scam Online នេះបានចំនួន១៤២ទីតាំងហើយ។
អង្គពិធី ក៏បានផ្តល់ឱកាសជូនតំណាងម្ចាស់ទីតាំងដែលចូលរួមអាចលើកឡើងពីចំណាប់អារម្មណ៍ ឬសំណួរ-ចម្ងល់ផ្សេងៗ ហេីយ ចម្ងល់ទាំងនោះត្រូវបានធ្វើការបកស្រាយ និងពន្យល់លម្អិតដោយ ឯកឧត្តម វាគ្មិនព្រមទាំងការពន្យល់បន្ថែមដោយឯកឧត្តមអភិបាលរាជធានីភ្នំពេញផងដែរ។ ក្រោយ ពីបានស្តាប់ការបកស្រាយរួចមកតំណាងម្ចាស់ទីតាំងដែល បានចូលរួមទាំងអស់មានក្តីសប្បាយរីករាយ ដោយបង្ហាញនូវការប្តេជ្ញាចិត្តចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានល្អប្រសើរ៕. ដោយ សំរិត









