ខេត្តកណ្តាល÷ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានរំលោភលើទំនុកចិត្ត ដោយខ្ចីម៉ូតូមិត្តភក្តិជិះទៅទិញបារី តែបែរជាយកទៅដាក់បញ្ចាំយកលុយចែកគ្នាចាយ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ឧសភា ២០២៦ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពកាលពីម៉ោង ៥ និង០០នាទី ថ្ងៃទី៥ ឧសភា ២០២៦ នៅចំណុចផ្ទះសំណាក់មហាលាភ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទួន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ដែលបានបាត់ បង់ម៉ូតូម៉ាក SUZUKI NEX ពណ៌លឿងស ពាក់ផ្លាកលេខ កណ្តាល 1AM-2482។ ចំណែកជនសង្ស័យទាំង ៣នាក់ ដែលត្រូវឃាត់ខ្លួនរួមមានទី១ ឈ្មោះ ប៉ង់ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក,ទី២ ឈ្មោះ តាក់ ប៊ុនថង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបើកបររថយន្ត និងទី៣ ឈ្មោះ ធី ធា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ ដែលអ្នកទាំងពីរមានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-5680។
លោកអធិការបន្តថា កាលពីថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបសង្សារមកពីដើរលេងនៅរាជធានីភ្នំពេញ លុះមកដល់សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក៏បានជួបជនសង្ស័យឈ្មោះ ប៉ង់ ពេជ្រ ដែលត្រូវជាមិត្តភក្តិរបស់សង្សារខ្លួន។ បន្ទាប់មក ពួកគេក៏បានបបួលគ្នាទៅដេកនៅក្នុងផ្ទះសំណាក់មហាលាភ ហើយក្រោយមកសង្សាររបស់ជនរងគ្រោះចង់ជក់បារី ក៏បានយកកូនសោម៉ូតូពីជនរងគ្រោះហុចទៅឲ្យជនសង្ស័យឈ្មោះ ប៉ង់ ពេជ្រ ជិះទៅទិញបារី។ ស្រាប់តែជនសង្ស័យជិះយកទៅបាត់រហូតដល់ថ្ងៃទី៦ ឧសភា ២០២៦ មិនឃើញជិះមកវិញ ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ដើម្បីឲ្យជួយស្រាវជ្រាវ។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍បានចេញប្រតិបត្តិការស្រាវ ជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់មែន ដោយមិនបានទៅទិញបារីទេ គឺបានពឹងបក្ខពួកឈ្មោះ តាក់ ប៊ុនថង និងឈ្មោះ ធី ធា ឲ្យជូនខ្លួនយកម៉ូតូទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវបានប្រាក់ ៤៥០ដុល្លារ ចែកគ្នាចាយអស់ទៅហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










