លោក ឃួង ស្រេង បញ្ជាឱ្យប្រធានសមាគមអតីតយុទ្ធជន ទាំង១៤ខណ្ឌ នៅរាជធានី ត្រូវមើលថែ គិតគូរពីជីវភាពប្រចាំ ថ្ងៃ ជូនគ្រួសារយុទ្ធជនជួរមុខ បូកទាំងការសិក្សារបស់កូនគាត់ផង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាឱ្យប្រធានគណៈកម្មាធិការសមា គមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនពួកគាត់ ពោលគឺមានការខ្វះខាតអ្វីត្រូវផ្តល់ជូនពួកគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រៅពីយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានហើយ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយយើងមានស្ថិតិអស់ហើយ។ កន្លងមកនេះ យើងអនុវត្តការងារបានល្អហើយ សូមបន្តការងារនេះឱ្យកាន់តែល្អថែមទៀត។

លោក ឃួង ស្រេង ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើន ត្រូវគោរពនិងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម ,យកចិត្តទុក ដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់ គ្រួសារសមាជិកដែលបានទទួល មរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បី បុព្វហេតុរំដោះជាតិ មាតុភូមិ ដោយបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍរីកចម្រើនលើគ្រប់វោស័យរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹម ពួកគាត់ឱ្យបានល្អនិងមានភាពកក់ក្ដៅដូចជាគ្រួសារខ្មែរយើងនៅពេលឪពុកម្ដាយចាស់ជរាទៅកូនចៅមើលថែទាំឪពុកម្ដាយអញ្ចឹងដែរ។

...

លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឡើងអានសេចក្តីសម្រេចស្តីពី ប្រកាសសមាសភាពគណៈកម្មា ធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដោយបានតែងតាំងអភិបាលខណ្ឌទាំង ១៤ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ដោយមានអនុប្រធានប្រចាំការ១រូប អនុប្រធាន៣រូបនិងសមាជិក សមាជិកា២រូប នៅគ្រប់ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ៕ ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print