ខេត្តបន្ទាយមានជ័យៈ ស្ត្រីវ័យ៦១ឆ្នាំម្នាក់រងរបួសជាច្រើនកន្លែងដោយសារ
ជនបង្កជាមនុស្សបែកថ្នាំបានធ្វើសកម្មភាពយកកន្ត្រៃដែកចាក់នៅវេលាម៉ោ៦និង១៥នាទីព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្បូវបានឲ្យដឹងថា ជនបង្កឈ្មោះសៀង ម៉ិញស៊ី ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។ ចំណែកជនរងគ្រោះឈ្មោះវិន យុក ភេទស្រី អាយុ៦១ឆ្នាំនៅភូមិជាមួយគ្នា។
នគរបាលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនរងគ្រោះកំពុងដើរតាមផ្លូវក្នុងភូមិស្រាប់តែពេលនោះជនល្មើសបានយកកន្ត្រៃដែកចាក់ជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ៧ កន្លែង ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។ ចំណែកជនបង្កត្រូវបាននគរបាលប៉ុស្តិរដ្ឋបាលឃុំបុស្បូវចាប់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះដើម្បីចាត់វិធានការបន្ត ។ ឆ្លងតាមការធ្វើតេស្តទឹកនោមជនសង្ស័យមានសារធាតុញៀន។ តាមការសាកសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ជនរងគ្រោះបណ្ដាលឲ្យរងរបួសពិតប្រាកដមែន ដោយសារតែចោទប្រកាន់ជនរងគ្រោះថាលួចលុយរបស់ខ្លួនរាប់ម៉ឺនដុល្លារ។ សមត្ថកិច្ចអះអាងថា ជនល្មើសសង្ស័យជាមនុស្សបែកថ្នាំ ៕












