ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៦ នៅទីលានក្លិបលីរ៉ាបានរៀបចំពិធីបិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់លីកលីរ៉ាក្លិបឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧកញ៉ា សេង ឈុនឡេង ជាម្ចាស់ក្លិប និងលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវ ជន និងកីឡាខេត្តប៉ៃលិនព្រមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវ ជននិងកីឡាបានមានប្រសាសន៍កោតសរសើរដល់ម្ចាស់ក្លិបលីរ៉ាដែលតែងតែរៀបចំប្រកួតកីឡាបាល់ទាត់ឲ្យយុវជនទាំងអស់បានចូលរួមបង្កើនសមត្ថភាព និងប្រាជ្ញាស្មារតីដើម្បីធ្វើយ៉ាងណាឲ្យក្រុមរបស់ខ្លូនទទួលបានជ័យជម្នះជាពិសេសបានចូល រួមចំណែកលើកកម្ពស់វិស័យកីឡានៅខេត្តប៉ៃលិនឲ្យមានការរីកចម្រើន ។
លោកបន្តថា ក្នុងការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់លីកលីរ៉ាក្លិបឆ្នាំ២០១៦នាពេលនេះពិតជាមានមោទនភាពចំពោះខេត្តប៉ៃលិនណាស់ដើម្បីឲ្យប្អូនៗសិស្សានុសិស្ស និងយុវជនទាំងអស់មកលេងកីឡាដើម្បីថែរក្សាសុខភាពនិងជៀសឲ្យផុតពីល្បែងពាលាការប្រើប្រាស់ថ្នាំញៀន ។ ដូចនេះប្អូនៗកីឡាករទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីដណ្តើមយកពានរង្វាន់នៅពេលដែលមានការប្រកួតដណ្តើមពានរង្វាន់នៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះក្រុមកីឡាករទាំងអស់ត្រូវខិតខំប្រកួតឲ្យបានតាមលក្ខណៈបច្ចេកទេសនិងត្រូវមានសាមគ្គីភាពនិងមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាការប្រកួតតែងតែមានចាញ់និងឈ្នះហើយមានការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ។
បើតាមការបញ្ចាក់ពីលោកឧកញ៉ា សេង ឈុនឡេង ម្ចាស់ក្លិបលីរ៉ាបានឲ្យដឹងថា ការប្រកួតនេះគឺធ្វើឡើងអស់រយៈពេល២ ខែមកហើយ ដែលមាន១៥ក្រុមចូលរួម ប្រកួតហើយក្រុមដែលទទួលបានជ័យលាភីចាប់ពីលេខ១រហូតដល់លេខ៤ដែលក្នុងនោះមានដូចជាលេខ១បានទៅលើក្រុម ភូមិយើងFCទទួលបានពាន១និងថវិកា ១.២០០.០០០រៀល, លេខ២ក្រុមសុខលាភ កសិផលFCទទួលបានថវិកា៦០០.០០០ រៀល, លេខ៣ក្រុមតោខៀវដីថ្មីFCទទួលបានថវិកា៤០០.០០០រៀល និងលេខ ៤គឺក្រុម Fair Play ទទួលបានថវិកា ១៥០.០០០រៀល។ ចំណែកក្រុមដែលបានជាប់ជ័យលាភីក្រុមគំរូគឺ ក្រុម Blue Dragon FC ទទួលបានថវិកា១៥០.០០០ រៀលផងដែរ៕
ដោយ៖ ស សារ៉េត