ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ដែលមានជនបរទេសជាច្រើនរយនាក់ នៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុំព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជនបរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន៤០០នាក់ ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែកជនបរទេសជាច្រើនរយនាក់ទៀត កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត។
សូមជម្រាបថា ៖ ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានដោយពុំមានការលើកលែងចំពោះក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកំពុងលបលួចធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា ដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ៕
ដោយ ៖ សិលា
















