ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ៖ រឿងជាតិនិងទឹកដី កុំនិយាយដោយអំណួតជ្រុល ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង តើយើងខ្លាំងអី? យើងខ្សោយអី? នេះជាចំណុចដែលយើងត្រូវធ្វើមុនគេ។ ពេលខ្លះយើងនិយាយលួងចិត្តខ្លួនឯងពេកក៏គ្រោះថ្នាក់ ហើយទុទិដ្ឋិនិយមជ្រុលពេកក៏គ្រោះថ្នាក់។ ចូរឆ្លុះបញ្ចាំងសច្ចភាព ហើយទទួលយកការពិត និងពង្រឹងខ្លួនឯងដើរទៅមុខទៀត។
លោកបណ្ឌិត គិន ភា ថា ៖ ការនិយាយលួងចិត្តខ្លួនឯងក៏មកពីស្រឡាញ់ជាតិ ឯទុទិដ្ឋិនិយមជ្រុលក៏មកពីស្រឡាញ់ជាតិ តែការពិតវានៅតែជាការពិត។ ខ្មែរនិងថៃនៅតែត្រូវរស់ក្បែរគ្នា តែដើម្បីរស់ក្បែរគ្នាដោយស្មើមុខនិងស្មើសិទ្ធិ លុះត្រាតែយើងខ្លាំងដែរ បើយើងនៅតែខ្សោយ យើងមិនអាចសំពះសុំសន្តិភាពពីគេបានទេ កុំថាឡើយទៅដណ្ដើមទឹកដីដែលគេបំពានពីអតីតកាលមកវិញ។
លោកបណ្ឌិត គិន ភា បន្តថា ប្រឹងឱ្យខ្លាំងបើចង់បានទឹកដីរបស់យើងមកវិញ កុំខ្លាំងបានតែនៅលើបណ្ដាញសង្គម។ រៀនមេរៀនពីប្រទេសចិនអំពីភាពអាម៉ាស់របស់ប្រជាជាតិ ដែលហុងកុងបាត់បង់ទៅអង់គ្លេសរយៈពេល ១៥៥ឆ្នាំ (១៨៤២–១៩៩៧) និងម៉ាកាវបាត់បង់ទៅព័រទុយហ្គាល់រយៈពេលប្រហែល ៤៤២ឆ្នាំ (១៥៥៧–១៩៩៩)។ ភាពអាម៉ាស់របស់ប្រជាជាតិនេះហើយ ដែលបានធ្វើឱ្យចិនប្រឹងរហូតដល់ខ្លាំង គឺខ្លាំងរហូតដល់អង់គ្លេសនិងព័រទុយហ្គាល់ប្រគល់ទឹកដីហុងកុងនិងម៉ាកាវមកឱ្យខ្លួនវិញ។
តែបងប្អូនត្រូវដឹងថា ថៃក៏គេអប់រំអំពីភាពអាម៉ាស់របស់ប្រជាជាតិដល់ជនជាតិគេដែរ។ គេថាគេបាត់បង់ទឹកដីទៅប្រទេសជិតខាងដោយសារអំណាចអាណានិគម ដែលតាមពិតអំណាចអាណានិគមគ្រាន់តែយកទឹកដីខ្មែរនិងទឹកដីប្រទេសជិតខាងផ្សេងទៀតដែលថៃបានយកទៅ មកប្រគល់ឱ្យម្ចាស់ដើមវិញតែប៉ុណ្ណោះ។ ប៉ុន្តែគេមិនដែលបង្រៀនកូនចៅគេបែបហ្នឹងទេ គេថាទឹកដីគេបាត់បង់ ហើយគេសច្ចាជាប់ជានិច្ចថានឹងយកទឹកដីទាំងនោះត្រឡប់ទៅវិញ។ គេតែងពង្រឹងខ្លួនជានិច្ច ហើយមហិច្ឆតារបស់គេមិនដែលបោះបង់ទេ គេឈ្លានពានយើងរហូតមក។ ចុះយើង? យើងបានពង្រឹងខ្លួនរឹងមាំប៉ុណ្ណាហើយ?
ដូច្នេះ, ឈប់អួត! ឈប់អស់សង្ឃឹម! និងឈប់បែកបាក់គ្នាទៀត! ចាប់ដៃគ្នាឱ្យតឹងណែនក្នុងមហាគ្រួសារខ្មែរ ខិតខំប្រឹងពង្រឹងខ្លួនធ្វើដំណើរទៅមុខទៀត ដើម្បីការពារអ្វីដែលជារបស់យើង និងយកត្រឡប់មកវិញឱ្យអស់នូវអ្វីដែលជារបស់យើង៕
ដោយ ៖ សិលា













