គ្រោះថ្នាក់ឬការធ្វេសប្រហែស? យុវជនអាយុ២២ឆ្នាំ ស្លាប់ព្រោះជិះម៉ូតូបុកការដ្ឋានសាងសង់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ បានកើតឡើងនៅវេលាម៉ោង០២:១០នាទី រំលងអធ្រាត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយយុវជនម្នាក់ឈ្មោះ ធី វុត្តា អាយុ២២ឆ្នាំ បានបាត់ បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ជិះម៉ូតូម៉ូតូបុកការដ្ឋានសាងសង់ស្ពាន។

 

ហេតុការណ៍នេះ មិនត្រឹមតែជាសោកនាដកម្មសម្រាប់គ្រួសារជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកញ្ចក់ ឆ្លុះបញ្ចាំងអំពីបញ្ហា «សុវត្ថិភាពការដ្ឋានសាធារណៈ» ដែលសង្គមកម្ពុជាគួរត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងជាងនេះ។

 

តាមបទពិសោធន៍ និងចំណេះដឹងទូទៅ ការដ្ឋានសាង សង់ផ្លូវ ឬស្ពាន ដែលស្ថិតនៅលើដងផ្លូវសាធារណៈ ត្រូវអនុវត្តវិធានសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់។ វិធានសំខាន់ៗដែលគួរមាន រួមមាន៖

 

*ដាក់ស្លាកសញ្ញាព្រមានមុនដល់ការដ្ឋាន ដូចជា «គ្រោះថ្នាក់ខាងមុខ» «បន្ថយល្បឿន» «ផ្លូវវាង»

*ដាក់របាំងសុវត្ថិភាព ឬបារ៉ាស់បិទតំបន់គ្រោះថ្នាក់

*ដាក់ភ្លើងសញ្ញា ឬសម្ភារៈឆ្លុះពន្លឺនៅពេលយប់

*រៀបចំផ្លូវវាង ឬប្រព័ន្ធចរាចរណ៍បណ្ដោះអាសន្នឲ្យមានសុវត្ថិភាព

*មានអ្នកសម្របសម្រួលចរាចរណ៍នៅចំណុចហានិភ័យ

*បង្ហាញព័ត៌មានការដ្ឋានឲ្យច្បាស់លាស់ ដូចជា ម្ចាស់គម្រោង ក្រុមហ៊ុនម៉ៅការ និងលេខទំនាក់ទំនង។

 

ក្នុងនាមជាសង្គមនីតិរដ្ឋ បើការស៊ើបអង្កេតរកឃើញថា ការដ្ឋានខ្វះវិធានសុវត្ថិភាព ឬមិនបានដាក់សញ្ញាព្រមានត្រឹមត្រូវ រហូតបណ្ដាលឲ្យមានមនុស្សស្លាប់ នោះភាគីពាក់ព័ន្ធអាចត្រូវទទួលខុសត្រូវទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ ភាគីដែលអាចពាក់ព័ន្ធមានដូចជា៖

 

*ម្ចាស់គម្រោង ឬអង្គភាពជាម្ចាស់ការដ្ឋាន

*ក្រុមហ៊ុនម៉ៅការសាងសង់

*វិស្វករ ឬអ្នកគ្រប់គ្រងការដ្ឋាន

*មន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើមានការធ្វេសប្រហែសក្នុងការត្រួតពិនិត្យ។

 

ការសាងសង់ គឺមិនមែនផ្តោតតែទៅលើការបញ្ចប់គម្រោងឲ្យទាន់ពេលវេលានោះទេ ប៉ុន្តែ «សុវត្ថិភាពសាធារណៈ» ត្រូវស្ថិតនៅលំដាប់អាទិភាពទី១។ ព្រោះមួយវិនាទីនៃការធ្វេសប្រហែស អាចបំផ្លាញអនាគតគ្រួសារមួយទាំងមូល។

 

សោកនាដកម្មនេះ គួរត្រូវបានយកធ្វើជាមេរៀនដ៏ឈឺ ចាប់ សម្រាប់គ្រប់ការដ្ឋានសាងសង់ទាំងអស់ នៅទូទាំងប្រទេស ឲ្យពង្រឹងការទទួលខុសត្រូវ និងគោរពវិធានសុវត្ថិភាពឲ្យបានតឹងរឹង ដើម្បីកុំឲ្យមានការបាត់បង់ជីវិតដ៏សោកសៅបែបនេះកើតឡើងជាថ្មីទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print