ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មបាក់អស់មួយកង់ហើយខ្ទាតទៅប៉ះរថយន្តម៉ាក LYNK & CO 06 ដែលកំពុងតែធ្វើដំណើរនៅផ្លូវម្ខាងទៀតរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង ១០:៤០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក TOYOTA PRUISមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BE-3149 បើកបរដោយបុរសម្នាក់ធ្វើដំណេីរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មបាក់ចំនួនមួយកង់ខ្ទាតទៅប៉ះរថយន្តម៉ាក LYNK & CO 06 ពាក់ផ្លាកលេខ ភ្នំពេញ 2CF-3520 ដែលកំពុងតែធ្វើដំណើរនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីត្បូងទៅជើងចំពីមុខចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










