កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងខេត្តឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក ចំនួន១០នាក់ និងដកហូតវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវឲ្យដឹងនៅថ្ងៃទី១២ខែឧសភានេះ ថា កម្លាំងកងរាជអាវុធហត្ថខេត្ត តាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបបណ្តាញគ្រឿងញៀនឆ្លងខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុប ចំនួន១០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ព្រមទាំងអាវុធខ្លី០១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀតផងដែរ! ។

 

យោងតាមរបាយការណ៍ សមត្ថកិច្ច កាលពីវេលាម៉ោង ៨ :៤៥នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបទីតាំងមួយនៅភូមិអង្គស្វាយចេកឃុំចារ ស្រុកព្រៃកប្បាស ខេត្ត តាកែវ ពាក់ព័ន្ធករណីរក្សាទុក,ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បន្ទាប់ពីការស្រាវ ជ្រាវ និងសាកសួរ សមត្ថកិច្ចបន្តពន្លាតដែនសមត្ថកិច្ចទៅកាន់ខេត្តកណ្តាល នៅថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២៦ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្អាង និងកងរាជអាវុធហត្ថក្រុងតាខ្មៅ ចុះបង្ក្រាបជាក់ស្តែងនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

 

លុះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការទៅដល់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបទីតាំងមួយនៅ ផ្ទះលេខ C4 ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ចំនួន១០នាក់ ក្នុងនោះស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សថ្លា៦២កញ្ចប់ទម្ងន់ជាង១១៨ ក្រាម,ថ្នាំគ្រាប់ពណ៌ផ្កាឈូក១៧គ្រាប់,ម្សៅពណ៌ផ្កាមឈូក ១កញ្ចប់,អាវុធខ្លី១ដើម គ្រាប់កាំភ្លើង៥៩គ្រាប់,ដាវដែក១ដើម ,ទូរស័ព្ទដៃ១៣គ្រឿង ,ម៉ូតូ០៤គ្រឿង ,ជញ្ជីងថ្លឹងថ្នាំញៀន០៣គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ រួមទាំងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

 

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print