ខេត្តបន្ទាយមានជ័យ៖ អតីតយុទ្ធជន គឺជាគ្រឹះនៃសន្តិភាព ដែលសម្ដេចតេជោ និងសម្ដេចធិបតី តែងតែផ្ដល់អាទិភាព និងគិតគូរពីសុខទុក្ខជានិច្ច ។លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានបញ្ជាក់បែបនេះ ក្នុងពិធី អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីតបស្នងសងគុណចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់បុព្វការីជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្ត ទៅនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា
បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ តែងតែស្ថិតនៅក្នុងបេះដូងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែតាមដាន និងផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនជានិច្ច មិនថាបងប្អូននៅទីជិត ឬទីឆ្ងាយឡើយ។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នីក៏បានបន្តមរតកនៃការយកចិត្តទុកដាក់នេះយ៉ាងខ្ជាប់ខ្ជួនបំផុត ដោយបានដាក់ចេញនូវគោលនយោបាយគាំពារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើងជាលំដាប់។
លោក ក៏បានរំឭកដល់ស្មារតីលះបង់សាច់ស្រស់ ឈាមស្រស់ បូជាអាយុជីវិត និងបញ្ញាស្មារតីរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់។ សន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងសោយសុខនៅថ្ងៃនេះ គឺកើតចេញពីការលះបង់របស់លោកតា លោកយាយ អ៊ំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់។ ការរៀបចំទិវានេះ មិនមែនគ្រាន់តែជាពិធីបុណ្យធម្មតានោះទេ ប៉ុន្តែគឺជាការផ្ដល់កិត្តិយស និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដែលមិនអាចកាត់ថ្លៃបាន។
ក្រៅពីការរំឭកគុណូបការៈ ក្នុងអង្គពិធីក៏មានការប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង៩ ក្រុង/ស្រុក នៃខេត្តបន្ទាយមានជ័យផងដែរ។ នេះគឺជាយន្តការដ៏សំខាន់ក្នុងការបង្ខិតសេវាគាំពារឱ្យកាន់តែជិតដល់មូលដ្ឋាន ដើម្បីធានាថាគ្មានអតីតយុទ្ធជនណាម្នាក់ត្រូវបានបោះបង់ចោល ឬខ្វះការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសមាគមនោះឡើយ។
សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រមាណជិត ៣០០នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីភាព និងការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្ត និងវីរជនជំនាន់មុន ក្នុងគោលដៅរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ៖ សំរិត










