ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោកនិងសហការីដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់
នៅពេលនេះ ជាការរួមចំណែកដោយការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់
ឱ្យកាន់តែរឹងមាំបន្តទៀត។
នៅក្នុងឱកាសនោះ លោក អែលឈីន អាមៀរបាយ៉ូវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកបានកោតសរសើរ
អំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ លោកថាប្រទេសកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះលោកបានបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ។ បន្ថែមពីនេះ លោកក៏បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើទៅជាមួយគ្នាបាន។ លោកបានសង្កត់ទៅលើកិច្ចសន្ទនានយោបាយដែលប្រទេសទាំងពីរមានជាមួយគ្នាដែលជាផ្នែកធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀត។ ពីលើនេះ លោកក៏សម្លឹងមើលនៃការពង្រីកទំនាក់ទំនងទៅលើវិស័យកសិកម្ម ទេសចរណ៍ដែលបម្រើដល់ក្របខ័ណ្ឌនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និង
អាស៊ែបៃហ្សង់។
សម្ដេចតេជោពិតជារីករាយចំពោះការលើកឡើងរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកនូវទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ ដោយសម្ដេចតេជោ លោកចង់ឃើញនូវទំនាក់ទំនងរវាងប្រទេសនីមួយៗជាពិសេស រវាងកម្ពុជា និងអាស៊ែបៃហ្សង់ រីកចម្រើនទៅជាមួយគ្នា ហើយពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរីកចម្រើន។
សម្ដេចសង្កត់ធ្ងន់ថា អាស៊ែបៃហ្សង់ជាប្រទេសដែលសម្បូរសន្តិសុខថាមពល ឯកម្ពុជាគឺជាប្រទេសដែលមានសន្តិសុខស្បៀង ដែលយើងអាចមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើន
ដូច្នេះប្រទេសទាំងពីរអាចពង្រីកទំនាក់ទំនងគ្នាបន្ថែមនៅក្នុងក្របខ័ណ្ឌនៃការបំពេញឱ្យគ្នាទៅវិញទៅមក គឺកម្ពុជាបំពេញស្បៀងដល់អាស៊ែបៃហ្សង់ រីឯអាស៊ែបៃហ្សង់អាច
បំពេញនូវសន្តិសុខថាមពលដល់កម្ពុជា ដែលនេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្ម។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕
ដោយ ៖ សិលា














