ខេត្តកំពត៖ យោងតាមរដ្ឋបាលខេត្តកំពត បានឱ្យដឹងថា
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការអមសា លាដំបូងខេត្ត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញភស្តុតាងនៃសកម្មភាពល្មើសច្បាប់ ដោយម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករសដែលមានអក្សរថៃដែលជាប្រភពដើម មកច្រកក្នុងសំបកបាវថ្មីដែលមានអក្សរវៀតណាមវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។
ជុំវិញករណីនេះ លោក ម៉ៅ ធនិន បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងឡើយ ដោយក្នុងនោះលោកបានបង្គាប់ឱ្យម្ចាស់សិប្បកម្មត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានហៅអ្នកដែលមកទិញស្ករសនៅទីតាំងខាងលើ និងអ្នកពាក់ព័ន្ធដទៃទៀត មកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តស្រាវជ្រាវស្វែងរកខ្សែរយៈពាក់ព័ន្ធផ្សេងៗទៀត។
បច្ចុប្បន្ន កម្លាំងជំនាញចម្រុះកំពុងសហការយ៉ាងជិតស្និទ្ធជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តកសាងសំណុំរឿង និងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ ក្នុងគោលបំណងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ និងអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការបញ្ជូនទៅតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ៕
ដោយ៖តារា










