ខេត្តព្រៃវែង ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី ព្រមទាំងក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និង នាំយកថវិកាចំនួន ២,០០០,០០០រៀល របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសពឈ្មោះ សំរិត សាម៉ុន ភេទស្រី អាយុ ៧១ឆ្នាំ ដែលបានទទួលមរណៈភាពដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់) នៅភូមិទឹកសិន ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះលោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។ ។
សម្ភារៈសាខាខេត្ត ផ្ដល់ជូនបន្ថែមរួមមាន៖ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ៤០០,០០០រៀល៕
ដោយ ៖ សិលា













