ខេត្តស្វាយរៀង ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចធ្លាប់ជាយុទ្ធជនក្នុងសមរភូមិ របួស៥លើក និងពិការភ្នែក ស្គាល់គ្រប់រស់ជាតិលើសមរភូមិ សម្ដេចយល់យ៉ាងច្បាស់ពីទុកលំបាករបស់កងទ័ព។
សម្តេចតេជោ ណែនាំឲ្យមូលដ្ឋានទាំងអស់នៅជួរក្រោយត្រូវយកចិត្តទុកការលើគ្រួសារយុទ្ធជនពលី គ្រួសារយុទ្ធជនពិការ អតីតយុទ្ធជន និងយុទ្ធជនកំពុងនៅសមរភូមិ សូមកុំមើលរំលងគ្រួសារពួកគាត់ឲ្យសោះ ខណៈដែលពួកគាត់បានលះបង់ និងយកខ្លួនទៅពាំងគ្រាប់នៅសមរភូមិការពារយើងទាំងអស់គ្នា។
ប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីវីរភាព និង គុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិ ដែល បានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ ទឹកដី និងប្រជាជន។ ដើម្បីតបស្នងស្នងគុណ ក៏ដូចជាការអនុវត្តន៍នយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» នោះ សម្តេចតេជោ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកដែលរងគ្រាប់គេនៅមុខ ដើម្បីសេចក្តីសុខយើងទាំងអស់។ ដូច្នេះគ្រាន់តែយើងអើតមើលគ្រួសារគាត់ គឺជាកាតព្វកិច្ចចូលរួមក្នុង កិច្ចការពារជាតិទៅហើយ។ គាត់ ពលីជីវិតទៅហើយ យើងត្រូវមើលគ្រួសារគាត់ជួយកូនចៅគាត់ឱ្យបានសិក្សារៀនសូត្រ»។
សម្តេចតេជោ បានបន្ថែមថា «យើងត្រូវបន្តចំពោះកិច្ចការទាក់ទងខឿនការពារជាតិ របស់ប្រជាជន។ អ្នកទៅមុខគេការពារទឹកដី យើងនៅក្រោយ ត្រូវធ្វើការជួយដល់គ្រួសារកងទ័ព យុទ្ធជនពិការ និងពលីដើម្បី កាត់បន្ថយកង្វល់របស់អ្នកនៅខាងមុខ»៕
ដោយ ៖ សិលា














