ភ្នំពេញ៖. បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន VICHAU Co.Ltd ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីកិបកេងប្រាក់ក្រុមហ៊ុនរាប់ម៉ឺនដុល្លារអាមេរិក បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២០ ខែកញ្ញា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ រស់ ឆាំឯកា មានតួនាទីជាអ្នកលក់និងប្រមូលលុយប្រចាំសាខារាជធានីភ្នំពេញ បានកិបកេងប្រាក់ក្រុមហ៊ុនVICHAU Co.Ltd ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ10A ផ្លូវលេខ១១៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានដដែល បន្តថា នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានចូលបម្រើការងារនៅក្រុមហ៊ុនតាំងពីឆ្នាំ២០១៣មក ក្នុងផ្នែកលក់និងប្រមូលលុយ មានគ្នាពីរនាក់ ម្នាក់ទៀតឈ្មោះ ចាន់ ណេភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ។ ខ្លួនជាអ្នកលក់និងប្រមូលប្រចាំផ្សារទួលទំពូង និង ផ្សារអូឡាំពិក នូវខ្សែភ្លើង អំពូលភ្លើង និងកាវ៥០២ ជាដើម ។
ជនសង្ស័យបានសារភាពទៀតថា លុះដល់ឆ្នាំ២០១៤ ខ្លួនចាប់ផ្ដើមលួចដកលុយឥវ៉ាន់បន្តិចម្ដងៗ ក្នុងមួយលើកពី៥០០ដុល្លារទៅ៦០០ដុល្លាររហូតមកទល់បច្ចុប្បន្នរាប់មឺុនដុល្លារ ។ ជនសង្ស័យ បញ្ជាក់ថា លុយដែលកិបកេងពីក្រុមហ៊ុនបានចាយវាយអស់ហើយ ។ តែប្រភពខ្លះបានបញ្ជាក់ថា លុយដែលជនសង្ស័យប្រមូលបានរំលោភទំនុកចិត្តលើក្រុមហ៊ុនគឺយកទៅអោយប្រពន្ធរកសុីចងការ៕
ដោយ ចេស្តា