ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។
យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀង ចែកចេញជា២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មានប្រជាពលរដ្ឋសរុបចំនួន១៦៨៨៨៨គ្រួសារ ស្មើនឹង ៦៩៨១៥៥នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មប្រមាណ៥១,៥% របរសេវាកម្ម៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥%។ ខេត្តនេះមានព្រំប្រទល់ខាងជើង និងខាងលិចជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនីញ ប្រទេសវៀតណាម។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា
ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៦ហើយដែលសម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ តាកែវ, កំពត, និងកែប។
គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោគឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
នៅថ្ងៃនេះ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានថ្វាយព្រះពរចំពោះព្រះអង្គ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាង១០០ព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ប្រជុំដល់ប្រជារាស្រ្តជាកូន ជាចៅ ចៅទូត របស់ព្រះអង្គគ្រប់ៗរូប។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តស្វាយរៀងសាជាថ្មី។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងនឹងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ។ សម្តេចបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈដែលជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។
សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។
ពីខេត្តស្វាយរៀងនៅថ្ងៃនេះ សម្តេចតេជោបានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់ពួកគេ។
សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»
ត្រូវធ្វើជាមន្ត្រីជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ។
សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តស្វាយរៀងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តស្វាយរៀងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
ដោយ : សិលា
















