ខេត្តស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំបានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា និងមន្ត្រីមូលដ្ឋាននៃខេត្តស្វាយរៀង ប្រមាណ ១.៣០២នាក់។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ៖ ការជួបសំណេះសំណាលនៅខេត្តស្វាយរៀងនេះ ធ្វើឡើងបន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត និងកែប នៃ «ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន» ដែលបានចាប់ផ្តើមតាំងពីចុងខែមេសា ឆ្នាំ២០២៦ តាមរយៈការចុះជួបដោយផ្ទាល់ពី សំណាក់ សម្តេចតេជោ ដែលបានបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ ការផ្តល់កម្លាំងចិត្ត ភាពកក់ក្តៅ និងការបន្ថែមថាមពលជូនដល់មន្ត្រីមូលដ្ឋាន។
លើសពីការពង្រឹងទំនាក់ទំនង និងភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិករមូលដ្ឋាន នេះក៏ជាឱកាសដើម្បីទទួលបានការណែនាំ និងតម្រង់ទិសដោយផ្ទាល់ពី សម្តេចតេជោ ក្នុងការបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចតាមដែនសមត្ថកិច្ចរបស់ខ្លួន សំដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា ៖ យើងខ្ញុំទាំងអស់គ្នាបានកត់ត្រាយ៉ាងម៉ត់ចត់ នូវប្រសាសន៍របស់ សម្ដេចតេជោ “មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ប៉ុន្តែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន” ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងស្មារតីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន ៕
ដោយ ៖ សិលា














