ខេត្តត្បូងឃ្មុំ÷ មន្ត្រីនគរបាលក្រុងសួងបានឲ្យដឹងនៅថ្ងៃ ទី១៤ខែឧសភាឆ្នាំ២០២៦នេះថា កម្លាំងមានសមត្ថកិច្ចប្រទះឃើញក្មេងស្ទាវ០១ក្រុម មានគ្នា០៥នាក់ ជិះម៉ូតូចំនួន០២គ្រឿង មានដាវ០១ដើមដាក់លើកែបម៉ូតូនិងអង្គុយពីលើដាវ ជិះចេញពីស្ថានីយប្រេងឥន្ធនៈកាល់តិច សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់។
ប្រភពឱ្យដឹងថា នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ យប់ ជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសួង ចុះល្បាតក្នុងនៅចំណុចភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ប្រទះ ឃើញក្មេងស្ទាវ០១ក្រុម មានគ្នា០៥នាក់ ជិះម៉ូតូ ២គ្រឿង ដោយ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ មិនចាំផ្លាកលេខ និង០១ គ្រឿងទៀតម៉ាក ស៊ូស៊ូគីនិច(Suzuki nex) ពណ៌ស-លឿង សេរីឆ្នាំ២០២៦ មានដាវ០១ដើមដាក់លើកែបម៉ូតូនិងអង្គុយពីលើដាវ ជិះចេញពីស្ថានីយប្រេងឥន្ធនៈកាល់តិច ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់÷
១-ឈ្មោះ សាក់ក្រន សាទី ហៅ ណូប អាយុ១៧ឆ្នាំ ជាតិខ្មែរ-ឥស្លាម មុខរបរ មិនពិតប្រាកដ (ម្ចាស់ដាវ)និង ២-ឈ្មោះ សំណាង ហ្វេសសាលី ហៅ លីប អាយុ ១៨ ជាតិខ្មែរ-ឥស្លាម មុខរបរ មិនពិតប្រាកដ ទាំង០២នាក់ មានទីលំនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមទាំងវត្ថុតាង នាំយកមកអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរយកចម្លើយ។
ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាមានគ្នា ៥នាក់ ជិះម៉ូតូចំនួន០២គ្រឿង ចេញពីផ្ទះដើម្បីទៅរាំលេងកម្សាននៅក្លិបTemple ក្រុងកំពង់ចាម ដោយឈ្មោះ សាក់ក្រន សាទី ជាអ្នកដាក់ដាវតាមម៉ូតូទុកការពារខ្លួន ពិតប្រាកដមែន។
ជនសង្ស័យទាំង០២នាក់ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសួង កសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ សុរិយា










