ខេត្តកណ្ដាល÷ជនសង្ស័យជាក្មេងទំនើងចំនួន ២នាក់ ដែលម្នាក់មិនរាងចាលចូលប៉ុស្តិ៍ជាលើកទី៣ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធកែច្នៃដោយខុសច្បាប់ និងប្រើ ប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង ២០ និង៥៥នាទីយប់ ថ្ងៃទី១២ ឧសភា ២០២៦ នៅចំណុចផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ គួយ រក្សា ហៅស្វិត ភេទប្រុស អាយុ១៥ឆ្នាំដែលធ្លាប់អប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍ចំនួន ២លើក (លើកទី១ បង្ហោះម៉ូតូ លើកទី២ ហិង្សាដោយចេតនា) និងទី២ ឈ្មោះ ញាណ ភក្តី ហៅកុយ ភេទប្រុស អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង ២នាក់ គ្មានមុខរបរពិតប្រាកដ មានទីលំនៅជាមួយគ្នាក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង និងសុទ្ធតែមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅគ្មានផ្លាកលេខចំនួន ១គ្រឿង ដាវផ្លែដែកដងឈើប្រវែង ៦៥សង់ទីម៉ែត្រចំនួន ១ដើម ទូរស័ព្ទដៃ ១គ្រឿង ដែកកេះចំនួន ២ និងកែវជក់គ្រឿងញៀនចំនួន ១។
លោកអធិការបានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់ បានជិះម៉ូតូឌុបគ្នាដោយមានសៀតដាវនៅនឹងតួម៉ូតូជិះចុះឡើងៗ។ ពេលនោះ ប្រជាពលរដ្ឋបានប្រទះឃើញ ក៏មានការសង្ស័យ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្ពបឲ្យចុះអន្តរាគមន៍នាំខ្លួនជនសង្ស័យទាំង ២នាក់ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ដាវកែច្នៃដែលនៅជាប់ម៉ូតូពិតជារបស់ខ្លួនប្រាកដមែន ដោយយកតាមខ្លួនទុកសម្រាប់ការពារ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕










